ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យចំនួន០៥នាក់ មានប្រុស មានស្រី ដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពីបទ«លួចមានស្ថានទម្ងន់» ត្រូវបានមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ កាលពីព្រឹកថ្ងៃទី២២ សីហា ក្រោយបញ្ចប់ការសាកសួរ។

របាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ០៥នាក់ ដែលត្រូវចាប់ខ្លួនរួមមាន៖
១/ឈ្មោះ ឃុត ប្រុសម៉ឺន ហៅតុក អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ
២/ឈ្មោះ ឆើន មករា ហៅក្តាម ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករ
៣/ឈ្មោះ នី សុភ័ក្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកម្មករ
៤/ឈ្មោះ គឹម សុខហេង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ និង
៥/ឈ្មោះ គឹម ស្រីណុច ភេទស្រី អាយុ ៤៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ។
របាយការណ៍បានបង្ហាញថា ជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២០ សីហា ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ (គាស់ទម្លុះទម្លាយ) និងចាត់ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់។
យោងតាមបណ្ដឹងជនរងគ្រោះឈ្មោះ មាច សុខលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់ និងជួសជុលទូរស័ព្ទ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបានប្ដឹងសុំឲ្យកម្លាំងកងរាជអាវុធហត្ថជួយអន្តរាគមន៍ ក្រោយកើតហេតុបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ទំលុះទម្លាយដំបូលតូប ទិញ-លក់ និងជួសជុលទូរស័ព្ទដៃរបស់ខ្លួន កាលពីយប់ថ្ងៃទី១៩ សីហា មានទីតាំងនៅចំណុច «ផ្សារភូពុយ» ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ក្រុមចោរបានឡើងគាស់ដំបូលខាងលើ រួចចូលលួចយកទ្រព្យសម្បត្តិតែម្ដង។ ទ្រព្យសម្បត្តិដែលបាត់បង់ជាក់ស្ដែង អស់ទូរស័ព្ទចំនួន០៤គ្រឿង និងសម្ភារមួយចំនួនទៀត។

ដោយឡែក បើតាមរបាយការណ៍ការិយាល័យជំនាញ ដែលបានបង្ហាញពីវត្ថុតាងដែលដកហូតបាន ជាមួយនឹងការឃាត់ខ្លួនជនដៃដល់០៥នាក់ គឺមន្ត្រីជំនាញដកហូតយកទូរស័ព្ទចំនួន០៨គ្រឿង. ឆ្នាំងសាកទូរស័ព្ទចំនួន០៣. ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ បើតាមមន្ត្រីការិយាល័យជំនាញបានបញ្ជាក់ដែរថា ក្រុមជនសង្ស័យទាំង០៥នាក់នេះ មិនត្រឹមតែសកម្មក្នុងការប្រព្រឹត្តអំពើចោរកម្មប៉ុណ្ណឹងទេ។
ក្រុមនេះ ក៏សកម្មខ្លាំងណាស់ដែរ ក្នុងការប្រព្រឹត្តបទល្មើសគ្រឿងញៀន។ នេះបើតាមការស្រាវជ្រាវ និងចម្លើយសារភាពរបស់ក្រុមចោរហាររយ តែយ៉ាងណាពេលនេះ ត្រូវបានមន្ត្រីការិយាល័យជំនាញបញ្ជូនពួកគេទៅប្រគល់ជូនតុលាការចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ