ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយសមត្ថកិច្ចព្រះនេត្រព្រះ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួន ពាក់ព័ន្ធបទល្មើសប្រព្រឹត្ត អំពើហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់លើជនរង គ្រោះ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់បានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ស្ថិតចំណុចផ្លូវច្រមុះជ្រូក ក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ។ បើតាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង កម្លាំងនគរបាលស្រុកក្រឡាញ់ និងផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប បានបើកការស្រាវ ជ្រាវ និងសហការជាមួយផែនការងារនគរបាលព្រហ្ម ទណ្ឌខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ តាមរក និងធ្វើការឃាត់ខ្លួន ជនសង្ស័យ ម្នាក់ឈ្មោះ ដួង ភារម្យ ភេទប្រុស អាយុ២០ ឆ្នាំ ស្ថិតនៅចំណុចភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យកមកសាកសួរ។
ប្រភពបញ្ជាក់ថា បើតាមការដឹកនាំបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្តសៀមរាប និង ឯកឧត្តមព្រះរាជ អាជ្ញា ខេត្តបន្ទាយមានជ័យ បានឱ្យកម្លាំងនគរ បាលការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះសហការនិងស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោម២ នាក់ រួចយកមកសួរនៅការិយាល័យជំនាញ រួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យ ដែលត្រូវឃាត់មានឈ្មោះ ដួង ភារម្យ បន្ទាប់ពីបានធ្វើសកម្មភាព ជិះម៉ូតូចំនួន០១ គ្រឿង មានអ្នករួមដំណើរម្នាក់ តាមពីក្រោយ និង កាប់ជនរងគ្រោះឈ្មោះ ផល សំណាង មុខរបរ កសិករ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាបនៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្ដាលឱ្យរងរបួសដៃខាងឆ្វេង (ដេរចំនួន០៥ថ្នេរ) ក្រោយមក ក៏មានការប្រតាយប្រតប់គ្នាតែដោយសារមាន អ្នកនៅក្បែរកន្លែងកើតហេតុ បានមកជួយ ជនសង្ស័យនិងបក្ខពួកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូចំនួន០១ គ្រឿង និងដាវចំនួន០១ ដើម នៅកន្លែងកើតហេតុ ។
ក្រោយមក កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះ ទៅដល់កន្លែងកើតហេតុភ្លាមៗ ប្រមូលយកវត្ថុតាង និងទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ។ជនសង្ស័យបាន ឆ្លើយបានសារភាពថា រូបគេ និងមិត្តភក្តិម្នាក់ទៀត ពិតជាបានធ្វើសកម្មភាព ដកដាវកាប់ ទៅលើជនរងគ្រោះ បណ្ដាលឱ្យ រងរបួស ពិតប្រាកដមែន។ មូលហេតុ;នៃទំនាស់ គឺបណ្ដាលមកពីភាគីជនរងគ្រោះផឹកស៊ី ប្រើពាក្យឌឺដង មកលើពួកខ្លួន ។ -វត្ថុតាងដកហូតបានរួមមាន -ម៉ូតូចំនួន០១គ្រឿង -ដាវចំនួន០១ ដើម បានធ្វើតេស្តស្វែងរកសារធាតុញៀនលើឈ្មោះ ដួង ភារម្យ ជាលទ្ធផល វិជ្ជមាន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន យើងបានកំណត់សាវតា និងកំពុងស្នើសុំដីការ តាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ត ៕
ចែករំលែកព័តមាននេះ