រាជធានីភ្នំពេញ ៖ តាមរយៈដំណើរទស្សនកិច្ច ដើម្បីសង្កេតការណ៍របស់អង្គទូត និងតំណាងអង្គការសហប្រជាជាតិ ព្រមទាំងតំណាងអង្គការអន្តរជាតិនានាជាបន្តបន្ទាប់នាពេលកន្លងមកនេះយើងឃើញមានកំណត់សម្គាល់ និងប្រតិកម្មរបស់បណ្តាគណៈប្រតិភូជាច្រើន បន្ទាប់ពីបានឃើញទង្វើរបស់ភាគីម្ខាងទៀត(ថៃ)ដែលជាការបំពានមកលើបទឈប់បាញ់ដែលភាគីទាំងពីរកម្ពុជា-ថៃ បានព្រមព្រៀងគ្នារួចហើយ។ នេះបើតាមឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសនៃការផ្តល់សេចក្តីសង្ខេបព័ត៌មានប្រចាំ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម នង សាកល ទង្វើរបស់ភាគីម្ខាងទៀតដែលជាការបំពានមកលើបទឈប់បាញ់ រួមមាន សកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រាយសំបកកង់ឡាន ការបាញ់គ្រាប់ចម្ពាមកៅស៊ូ ការបង្ហោះ ដ្រូនចូលដីកម្ពុជា ការជីកលេណដ្ឋាន ការធ្វើជម្រកកងទ័ព ការចល័តកម្លាំងទ័ព សកម្មភាពនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជា រួមទាំងការបន្តឃុំខ្លួនកងទ័ពកម្ពុជាចំនួន១៨នាក់ក្រោយបទឈប់បាញ់មួយថ្ងៃចូលជាធរមានរហូតមកទល់នឹងថ្ងៃនេះ ។

ឯកឧត្តមបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់បណ្តាអង្គទូត និងមិត្តបរទេសដែលបានចុះសង្កេតការណ៍ជាលើកទី៤ កាលពីថ្ងៃទី២២ សីហា បានកត់សម្គាល់ឃើញថា មានការខុសគ្នាកាលពីពេលមុនយ៉ាងច្បាស់ និងបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់កងទ័ពថៃដូចជា ការយកបន្លាលួសមកហ៊ុំព័ទ្ធផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជាជាដើម ខណៈដែលបណ្តាអង្គទូត និងអ្នកសង្កេតការណ៍បានអំពាវនាវឱ្យភាគីទាំងពីរធ្វើការអត់ធ្មត់ ធ្វើកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់ អន្តរជាតិ ដើម្បីធ្វើឱ្យស្ថានការណ៍វិលមករកប្រក្រតីភាពឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងពីចំណាត់ការជាអន្តរជាតិ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុវត្តដោយគូសបញ្ជាក់ថា កម្ពុជាបានចាត់ វិធានការតាមផ្លូវការទូតដែលស្របតាមវិធានការអន្តរជាតិជាច្រើន ដើម្បីធ្វើការដោះស្រាយបញ្ហាដោយ សន្តិវិធីក្នុងនោះ កម្ពុជាបានជូនដំណឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បណ្តាប្រទេសសមាជិកធអាស៊ាន អគ្គលេខាធិការអាស៊ាន រួមទាំងបណ្តាប្រទេសជាមិត្តរបស់កម្ពុជាជាច្រើនទៀត ដោយបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពបទឈប់បាញ់ និងការចង់បាននូវសន្តិភាព ការគោរពច្បាប់អន្តរជាតិ ការគោរពចំពោះធម្មនុញ្ញអាស៊ាន និងការគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការស្នើឱ្យថៃគោរពចំពោះស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ ជំរុញឱ្យមានយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលដឹកនាំដោយប្រធានអាស៊ាន ការជូនដំណឹងទៅកាកបាទក្រហមអន្តរជាតិ (ICRC) អំពីកងទ័ពថៃចាប់កងទ័ពកម្ពុជាដោយខុស
ច្បាប់ ។

ការជូនដំណឹងដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ បានធ្វើការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលជាអ្នកបានជួយជំរុញយ៉ាងសកម្មឱ្យមានបទឈប់បាញ់ ដើម្បីប្រាប់ភាគីថៃឱ្យគោរពតាមបទឈប់បាញ់ និងបញ្ឈប់ការទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ល។


ចែករំលែកព័តមាននេះ