ខេត្តសៀមរាប ៖ ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យ បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង សំណាងល្អ មិនមានមនុស្សរងរបួសឡើយនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះដល់ទីតាំងកើតហេតុ និងបានចាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ។

ក្នុងនោះ រួមមានរថយន្ដពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត, រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត, រថយន្តពន្លតអគ្គិភ័យនៃកងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យនៃអាជ្ញាធរជាតិអប្សរាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឱ្យរលត់ទៅវិញ នៅវេលាម៉ោង២១និង៣០នាទីថ្ងៃខែឆ្នាំដដែរ។

ហេតុការណ៍ករណីឆេះផ្ទះពលរដ្ឋ អស់ទាំងស្រុងនោះ បានកើតឡើងនៅវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ហើយរលត់ទៅវិញនៅម៉ោង២១និង៣០នាទីយប់ ថ្ងៃ
ដដែល ស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចការិយាល័យជំនាញបានប្រាប់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នេះថា មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ វ៉ន រ៉េន ភេទស្រី អាយុ៦១ឆ្នាំ ដែលស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ករណីអគ្គិភ័យឆេះនេះ បណ្តាលឱ្យខូចខាតផ្ទះចំនួនមួយខ្នងទាំងស្រុង ដែលមានទំហំ០៨គុណនឹង០៩ម៉ែត្រ ថ្មក្រោមឈើលើដំបូលប្រក់ក្បឿង រួមទាំងខូចខាតស្រូវអស់១៣ការ៉ុង និងសម្ភារប្រើប្រាស់មួយចំនួន ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង សំណាងល្អ មិនបានរាលដាលដល់ផ្ទះ អ្នកជិតខាង ឬ មិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទី ចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើងជាយថាហេតុ ៕



ចែករំលែកព័តមាននេះ