ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​គាំទ្រ​សម្តេច​តេ​ជោក្នុង​ការ​បោះបង់​ចោល​​សញ្ញាបត្រ​កិត្តិយស​ទាំងអស់​ដែល​សម្តេច​ទទួល​បាន​ពី​សាកលវិទ្យាល័យ​ថៃ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ សម្រេច​ចិត្តជា​គោលការណ៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ សម្រេច​ចិត្តជា​គោលការណ៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​បោះបង់​ចោល​សញ្ញាបត្រ​កិត្តិយស​ទាំងអស់​ដែល​សម្តេច ទទួល​បាន ពី​សាកលវិទ្យាល័យ​ថៃ ដូចដែល​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា
ការ​សម្រេចចិត្ត​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សុចរិត​ភាព និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេរ​របស់ សម្តេច​តេ​ជោ នៅ​ក្នុង​ការ​ការពារ​សេចក្តី​ថ្លៃថ្នូរ ឯករាជ្យ​ភាព និង​អធិបតេយ្យ​របស់​កម្ពុជា​។ គុណ​តម្លៃ ទាំង​អស់នេះ គឺ​មិន​អាច និង​មិន​ត្រូវ​បាន​កំណត់​និយម​ន័យ​ជា​ដាច់ខាត​ដោយ​សញ្ញាបត្រ​កិត្តិយស​ដែល ផ្តល់​ដោយ​គ្រឹះស្ថានសិក្សា​ដែល​ជុំរុញ​ដោយ​ឱកាសនិយម និង​ការ​គណនា​នយោបាយ​នោះ​ទេ​។

ព្រឹទ្ធសភា​កម្ពុជា​សូម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​មេដឹកនាំ​ថៃ​នៅ​តែ​បន្ត​ធ្វើ សកម្មភាព​ប្រកបដោយ​អរិភាព​នៅ​តាម​ព្រំដែន​ប្រឆាំង​នឹង​កម្ពុជា បើ​ទោះបីជា​មានការ​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ក៏​ដោយ​។ ក្នុង​ពេល​តែ​មួយ ពួក​គេ​បាន​ព្យាយាម​បំភ្លៃ​ការ​ពិត និង​បំភាន់ មតិ​សាធារណៈ ដែល​ស្តែង​ចេញ​ឱ្យ​ឃើញ​តាម​រយៈ​ប្រយោគ​មួយ​ដែល​ប្រជាជន​ក្នុង​តំបន់​ពេញ​និយម ប្រើ​គឺ “​កុំមក​បោកប្រាស់​ខ្ញុំ ឬ​កុំមក​កុហក​ខ្ញុំ​” (Don’t thai to me!) ព្រមទាំង​បាន​វាយប្រហារ​ដោយ គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង សម្តេច​តេ​ជោ ដែល​ជា​បិតា​សន្តិភាព​របស់​កម្ពុជា​។

កេរដំណែល​ពិតប្រាកដ​របស់​សម្តេច​តេ​ជោ​គឺ​ត្រូវ​បាន​ចារ​ទុក​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន​ខ្មែរ រាប់​លាន​នាក់​ដែល​បាន​និង​កំពុង​ទទួល​បាន​ផ្លែផ្កា​ពី​សន្តិភាព ស្ថិរភាព កំណើន និង​វឌ្ឍនភាព​ក្រោម​ការ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​។ សមិទ្ធផល​របស់​សម្តេច​មិន​អាច រលាយ​បាត់​ដោយសារ​តែ​ការ​ដកហូត​គោរមងារ ឬ​សញ្ញាបត្រ​កិត្តិយស​ដែល​បង្កប់​ទៅ​ដោយ​ភាព​មិន ស្មោះ​ត្រង់នោះ​ទេ​។

ព្រឹទ្ធសភា​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​មិត្តភក្តិ​បរទេស​របស់​កម្ពុជា​ទាំងអស់​នៅ ជុំវិញ​ពិភពលោក សូម​ទទួលស្គាល់​ថា កិត្តិយស​ពិត​របស់ សម្តេច​តេ​ជោ មិនមែន​ស្ថិត​នៅ​លើ​ក្រដាស​មួយ​សន្លឹក​របស់​គ្រឹះស្ថាន​អប់រំ​ថៃ​នោះ​ទេ ប៉ុន្តែ​គឺ​ស្ថិត​នៅ​លើ​ការ​ប្តូរផ្តាច់​របស់​សម្តេច​ដើម្បីប្រជា​ជន​កម្ពុជា និង​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេច​នៅ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​ក្នុង​ការ លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។​។

ព្រឹទ្ធសភា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នឹង​មិន​ធ្វើ​សម្បទាន​ឯករាជ្យ​ភាព ឬ​សេចក្តី​ថ្លៃថ្នូរ​របស់ ជាតិ​ជា​ដាច់ខាត នៅ​ចំពោះ​មុខ​អរិភាព​ពី​ខាងក្រៅ​។ ការ​សម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ ជា​ការ​រំឭក​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ថា ការ​គោរព​ចំពោះ​មេដឹកនាំ​ម្នាក់​មិនមែន​កើត​ចេញពី​ការ​ផ្តល់​ឱ្យ ដោយ​អ្នក​ដទៃ​នោះ​ទេ តែ​វា​កើត​ចេញពី​ការ​បម្រើ​ជាតិ និង​ប្រជាជន​របស់​ខ្លួន ព្រមទាំង​តាម​រយៈ​ការ​រួម ចំណែក​ដ៏​មាន​អត្ថន័យ​ដល់​ប្រទេស និង​ប្រជាពលរដ្ឋ​ជា​មិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ