រាជធានីភ្នំពេញ៖ តាមការណាត់របស់ក្រុមគ្រូពេទ្យព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីទៅពិនិត្យព្រះរាជសុខភាពមួយរយៈ នៅឯទីក្រុងប៉េកាំ នៃសាធារណរដ្ឋប្រជាមានិតចិន។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង រាជវង្សានុវង្ស មន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រជូនជនរួមជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះអង្គបានគូសបញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព»។

ព្រះអង្គបានបន្ដថា នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀតទាត់របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី រយៈពេលពីរងក្នុងមួយឆ្នាំ ទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមការយាងរបស់ក្រុមគ្រូពេទ្យជំនាញនៅប្រទេសចិន៕
ចែករំលែកព័តមាននេះ