រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាស និកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណ ទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងវិញទៀត ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរវាងគ្នា និងបង្កើនបាន នូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ ។
ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង និងមានរយៈពេល ២៩ថ្ងៃ ដោយវត្តអារាមមួយទទួលបានតែអង្គកឋិនទានមួយជាទានដ៏មានផលានិសង្សសម្រាប់ទាយក ទាយិកា និងបដិគ្គាហក។ ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
យោងតាមផែនការណែនាំលេខ ១០/២០២៥ គ.ជ.ប.អ. ចុះថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួម អបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំងអាជីវកម្ម គ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖
-លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនា បំភ្លឺ ភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត
-សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំ រចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត។
២- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យ ទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រី រាជការ និងបុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬ នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។
៣-រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវ៖
-ធ្វើការណែនាំ និងអប់រំដល់យុវជន យុវនារី កុមារា កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹង ឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយមិនត្រូវបង្កជាបាតុភាព ឬ សកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃនៃព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ
-សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបាន ឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម
–យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមមូលដ្ឋាន របស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ
-ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរគ្រប់ប្រភេទ
-សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
-ណែនាំដល់គ្រប់វត្តអារាម ត្រូវចាត់ចែងបោសសម្អាតបូជនីយដ្ឋាន ស្តូប និងកន្លែងតម្កល់អដ្ឋិធាតុបងប្អូន ជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ បរិស្ថានក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរចនាដោយបំភ្លឺ ភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ
-ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្ក លក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន និងបង្សុកូលឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិទាំងឡាយដែលបានលាចាកលោក ព្រមទាំងចាត់ចែង ប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា
-សហការជាមួយរដ្ឋបាលខណ្ឌសាមីណាមួយ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ជនរួមជាតិ និងបុព្វបុរសដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា
-ផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពុទ្ធបរិស័ទដែលផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន ត្រូវត្រួតពិនិត្យមើល ឱ្យបានគ្រប់ជ្រុងជ្រោយលើប្រភេទបុគ្គលដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ចៀសវាងមានបុគ្គលទុច្ចរិតបង្ក បាតុភាព ឬ ប្រព្រឹត្តសកម្មភាពនានាដែលនាំឱ្យមានទំនាស់រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យប៉ះពាល់ ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយទូរទស្សន៍ និងវិទ្យុ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យទាំងពីរនេះ ជាពិសេសនៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយក្នុងរយៈពេលរៀបចំពិធីបុណ្យទាំងពីរ។
៦- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។
៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និង តាមដងវិថី-មហាវិថីនានាឱ្យបានសមរម្យ ដំឡើងរបាកាត់ទទឹងផ្លូវនៅវិថី-មហាវិថីសំខាន់ៗ លាងសម្អាតផ្លូវ លាបលន ឬ គំនូសនៅតាមបណ្តាវិថី-មហាវិថីសំខាន់ៗ ដើម្បីធានានូវបរិស្ថាន និងសោភ័ណភាពស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យទាំងពីរ។
៨- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីសម្តែងសិល្បៈនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ តាមទីសាធារណៈសមរម្យ និងនៅផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ ព្រមទាំងបំផុសចលនាបងប្អូន ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ឱ្យបានផុលផុស។
៩- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ៖
-យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅ ចូលកម្សាន្ត ឬ បរិភោគអាហារ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ
-សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលា កំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម ហើយធានាបាននូវអនាម័យ-បរិស្ថានស្អាត។
១០- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធ ភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំពិធីបុណ្យ ដើម្បី ធានាឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីបុណ្យ ប្រកបដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម និងភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងជួយ សម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើស និងសកម្មភាព ល្មើសច្បាប់គ្រប់ប្រភេទ។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារ បច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះ បន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុន រោងចក្រ-សហគ្រាស មូលដ្ឋានទីតាំងអាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់នៅក្នុង រាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕






ចែករំលែកព័តមាននេះ