រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងគ្រាដ៏លំបាក ដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីធ្វើឱ្យមានសន្តិភាពពិតប្រាកដ ក្នុងជម្រោះព្រំដែនកម្ពុជា-ថៃ មានឧបសគ្គរាំងស្ទះជាច្រើន បង្កឡើងដោយព័ត៌មានក្លែងក្លាយ ។
ឯកឧត្តម ក៏បានអំពាវនាវពលរដ្ឋខ្មែរត្រូវស្គាល់ឱ្យច្បាស់នូវមុខមាត់ខ្មែរណា ដែលជួយខ្មែរពិតប្រាកដ និងខ្មែរណាដែលហុចដងដាវ ឲ្យគេបំផ្លាញខ្មែរគ្នាឯង ។
ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រដែលគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំបែកបំបាក់សាមគ្គីភាពដ៏រឹងមាំរបស់ខ្មែរ ។
មានគណនី ឬ Account Facebook ក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងក្នុងនោះមានមួយចំនួនទោះបីជាដាក់ឈ្មោះខ្មែរ តែតាមពិតអ្នកដែលកាន់គណនីទាំងនោះមិនមែនជាខ្មែរទេ ពួកគេបង្ហោះព័ត៌មានក្លែងក្លាយ ដោយព័ត៌មានខ្លះគេប្រឌិតឡើងទាំងស្រុង ខណៈដែលព័ត៌មាន ឬឃ្លីបវីដេអូមួយចំនួនទៀតគេយកពីបរទេស ឬឃ្លីបចាស់យូរហើយ តែវាស៊ីនឹងស្ថានការណ៍បច្ចុប្បន្ន ដូច្នេះគេក៏យកមកបន្លំ ដើម្បីសរសេរជាចំណងជើងថ្មី ឬធ្វើអត្ថាធិប្បាយបំភាន់ថា ជារឿងថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ធ្វើឱ្យជឿថា រឿងនោះទើបតែកើតឡើងពិតមែន ។
បន្ទាប់មកមានក្រុម MMO មួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសធ្វើជាភ្នាក់ងារចែកចាយបន្តនូវព័ត៌មានមិនពិតទាំងអស់នោះ ។ ក្រៅពីនេះក៏ឃើញមានការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិមិត្តAI ដើម្បីផលិតឃ្លីបវីដេអូក្លែងក្លាយជាច្រើនផងដែរ ។
ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា«គោលដៅរបស់ពួកគេ គឺមិនមែនបម្រើផលប្រយោជន៍ខ្មែរទេ ផ្ទុយទៅវិញពួកគេព្យាយាមបំពុលសតិអារម្មណ៍របស់ប្រជាពលរដ្ឋយើង ឱ្យបាត់ជំនឿលើខ្លួនឯង បាត់ជំនឿលើរាជរដ្ឋាភិបាល ហើយបំបែកកម្លាំងសាមគ្គីខ្មែរជាចម្រៀកៗដែលធ្វើឱ្យខ្មែរយើងចុះខ្សោយ នេះជាគោលដៅ ដូច្នេះសូមបងប្អូនយើងប្រុងប្រយ័ត្នចំពោះរឿងនេះឱ្យមែនទែន ហើយក៏ត្រូវស្គាល់ឱ្យច្បាស់ដែរនូវមុខមាត់ខ្មែរណាដែលជួយខ្មែរពិតប្រាកដ និងខ្មែរណាដែលហុចដងដាវឱ្យគេហើយ បំផ្លាញខ្មែរគ្នាឯងនៅក្នុងគ្រាដ៏លំបាកនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យយើងភាន់ច្រឡំសមរភូមិ» ៕
ចែករំលែកព័តមាននេះ