ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈធ្វើសកម្មភាពលួចសម្ភារៈពីក្នុងសាលារៀនម្តងបានសម្រេច ញ៉ាមមកលួចម្តងទៀត នគរបាលឃាត់បានតែម្តង។
ការឃាត់ខ្លួនជនសង្ស័យបានកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបានស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ គឺទទួលពាក្យបណ្តឹងពីនាយកសាលាបឋមសិក្សាស្រង់ ថានៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចសាលាបឋមសិក្សាស្រង់ ស្ថិតនៅភូមិស្វាយចារ្យ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ លី ប៊ុនឡេង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចសម្ភារ: តុសិស្សរៀនចំនួន០៥តុ។
នគរបាលស្រុកគងពិសីបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក វេលាម៉ោង១០ព្រឹក
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញបានសហការស្រាវជ្រាវឃាត់ជនសង្ស័យខាងលើយកមកធ្វើការសួរនាំនៅអធិការដ្ឋាននគបាលស្រុកគងពិសី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារ:តុសិស្សរៀនចំនួន០៥តុ ពិតប្រាកដមែន។ ហើយកន្លងទៅជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពលួចទត្រងទឹកចំនួន០៤សន្លឹក និងធ្លាប់ធ្វើសកម្មភាពលួចដែកផ្ទោងទំហំ ៤០សង់ទីម៉ែត្រ គុណនិង៨០សង់ទីម៉ែត្រ ប្រវែង០៦ម៉ែត្រចំនួន០៣ដើម ហើយបានយកទៅលក់ឲ្យអ្នកដើរទិញអេតចាយនៅតាមភូមិ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យដកហូតវត្ថុតាងតុសិស្សរៀនចំនួន០៥តុ បានប្រគល់ជូនលោកនាយកសាលាយកទៅប្រើប្រាស់បណ្ដោះអាសន្នវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋានគរខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ