រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមផែនការណែនាំលេខ០៩/២០២៥ គ.ជ.ប.អ. ចុះថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួម អបអរសាទរ និងរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី២៣ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅ ដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
១.រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សា រោងចក្រ សហគ្រាស ផ្សារ រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវ៖
-រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត។
-បំផុស និងលើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និយោជក យុទ្ធជន និងប្រជាពលរដ្ឋ ឱ្យយល់ដឹងទូលំទូលាយអំពីទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធ គ្រប់ប្រភេទ។
២.មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបំផុសលោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ដើម្បីពន្យល់ណែនាំ ដល់សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្មារតី ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធគ្រប់ប្រភេទ។
៣.មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
-ណែនាំដល់គ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដា ពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា។
-ចាត់តាំងឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា តាមរយៈការសូត្រធម៌ សម្តែងធម៌ ទេសនានៅតាមវត្តអារាមព្រះពុទ្ធសាសនា វិហារឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗ ដើម្បី ផ្សព្វផ្សាយនូវមេត្តាធម៌ចំពោះមនុស្សសត្វទូទៅ និងសុំសេចក្តីសុខសន្តិភាពសម្រាប់មនុស្សជាតិទូទាំង ពិភពលោក ។
៤.មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងឱ្យមានកម្មវិធីសូត្រកំណាព្យ និងកម្មវិធីសម្តែងសិល្បៈ ផ្នែកចាប៉ី និងអាយ៉ៃឆ្លើយឆ្លងដែលមានខ្លឹមសារពាក់ព័ន្ធនឹងសន្តិភាព នៅតាមរមណីយដ្ឋានទេសចរណ៍-វប្បធម៌ ទីសាធារណៈនានា ឬ នៅតាមទីតាំងសមស្របណាមួយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយ រីករាយ និងទទួលបានខ្លឹមសារនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា។
៥.មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយវិទ្យុ និងទូរទស្សន៍ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីអត្ថន័យខ្លឹមសារនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា និងរៀបចំឱ្យមានការជួបសម្ភាសន៍ជាមួយព្រះសង្ខ ឥស្សរជនសំខាន់ៗ បញ្ញវន្ត ប្រជាជន មហាជន កម្មករ និយោជិត សិស្សានុសិស្ស និងនិស្សិត ដើម្បីចូលរួម លើកកម្ពស់ការយល់ដឹង និងចូលរួមផ្សព្វផ្សាយទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឱ្យបានផុលផុស។
៦.រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវចាត់តាំងឱ្យមានការជួបសំណេះសំណាលនៅក្នុងមូលដ្ឋានខណ្ឌ និងមន្ទីររបស់ខ្លួន ដោយមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និស្សិត បុគ្គលិក កម្មករ និយោជិត និយោជក យុទ្ធជន ព្រះសង្ឃ ដូនជី តាជី និងប្រជាពលរដ្ឋ។
៧.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធ ភូមិភាគពិសេស និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ដើម្បីបម្រើដល់ការរៀបចំទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឱ្យប្រព្រឹត្តទៅដោយរលូន អធិកអធម និងធានាបាននូវសេចក្តីសុខក្សេមក្សាន្ត និងភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងសម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមាន ការកកស្ទះខ្លាំង បង្ការការទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស មូលដ្ឋានទីតាំងអាជីវកម្ម ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្ត ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ចែករំលែកព័តមាននេះ