ទីក្រុងកៀវ៖ កាលពីយប់មិញ និងព្រឹកមិញ រុស្ស៊ីវាយប្រហារដោយដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ទៅលើប្រទេសអ៊ុយក្រែននៅក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ ទ័ពអាកាសអ៊ុយក្រែនបញ្ចេញសំឡេងស៊ីរ៉ែនប្រកាសអាសន្នទូទាំងប្រទេស។ របាយការណ៍បឋមបង្ហាញថាការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងតិចម្នាក់ និងរបួសជាច្រើននាក់។
ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថារុស្ស៊ីបាញ់មីស៊ីលដាក់ទីស្នាក់ការក្រុមហ៊ុនរបស់អាមេរិកនៅអ៊ុយក្រែនខាងលិច។ ទីនោះផលិតរបស់របរសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនឆុងកាហ្វេជាដើម។ លោកថាមនុស្សយ៉ាងតិច១៥នាក់រងរបួសនៅក្នុងហេតុការណ៍នោះ។ យោងតាមការប្រមើលមើលរបស់មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ការវាយប្រហារលើកនេះឆ្លុះបញ្ចាំងឱ្យឃើញថារុស្ស៊ីមិនទាន់មានចិត្តចង់បានកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេទោះបីលោកត្រាំខិតខំចរចាគ្នាផ្នែកការទូតយ៉ាងណាក្ដី។
លោកហ្សេឡិនស្គីថ្លែងថារុស្ស៊ីវាយប្រហារលើកនេះហាក់បីដូចជាមិនខ្វល់ថាមានអ្វីកើតឡើង និងមិនខ្វល់អំពីការខិតខំជាអន្តរជាតិដើម្បីបញ្ចប់សង្គ្រាម។ ហ្សេឡិនស្គីថ្លែងបន្តទៀតថាទង្វើនេះត្រូវតែមានប្រតិកម្មតបទៅវិញព្រោះគ្មានសញ្ញាបង្ហាញថាទីក្រុងម៉ូស្គូពិតជាមានចិត្តចង់ចូលរួមការចរចាគ្នា និងបញ្ចប់សង្គ្រាមនេះឡើយ។
កងទ័ពអាកាសអ៊ុយក្រែនថ្លែងថារុស្ស៊ីបញ្ជូនដ្រូន៥៧៤គ្រឿង និងមីស៊ីល៤០គ្រាប់វាយប្រហារកាលពីយប់មិញ។ ក្នុងនោះ អ៊ុយក្រែនបាញ់ទម្លាក់ដ្រូន៥៤៦គ្រឿង និងបាញ់ទម្លាក់មីស៊ីល៣១គ្រាប់។ នៅទីក្រុងល្វីវ (Lviv) មនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសនៅពេលរុស្ស៊ីវាយប្រហារផ្គួបគ្នាដោយដ្រូន និងមីស៊ីលបណ្ដែត។ នេះបើយោងតាមលោកម៉ាកស៊ីម កូហ្ស៊ីសហ្គីយី (Maksym Kozytskyi) ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹកភាគខាងលិច។ លោកថ្លែងបន្ថែមទៀតថាអគាររាប់សិបខ្នងត្រូវខូចខាត។
នៅទីក្រុងមូកាឆេវ៉ូ (Mukachevo) ក្បែរព្រំដែនប្រទេសហុងគ្រី និងស្លូវ៉ាគី មនុស្ស១៥នាក់រងរបួស។ អ្នកជំងឺ៥នាក់កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ និងម្នាក់ទៀតត្រូវបញ្ជូនទៅពេទ្យធំ។ តាមពិត តំបន់ខាងលិចកម្ររងការវាយប្រហារពីរុស្ស៊ីព្រោះពួកគេផ្ដោតសំខាន់ទៅលើភាគខាងត្បូង និងខាងកើត និងកាន់កាប់បានទឹកដី២០%នៃប្រទេសអ៊ុយក្រែនទាំងមូល។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនយល់ថាទីនោះមិនសមវាយប្រហារទេព្រោះគ្មានសារៈសំខាន់ផ្នែកយោធាទាល់តែសោះ។ លោកយល់ថារុស្ស៊ីវាយប្រហារលើកនេះដើម្បីបំភិតបំភ័យប្រជាជនច្រើនជាង។
មិនមែនតែអ៊ុយក្រែនទេដែលរងការវាយប្រហារកាលពីយប់មិញ។ រុស្ស៊ីអះអាងថាអ៊ុយក្រែនបានបញ្ជូនដ្រូនប្រភេទធំៗមានកម្លាំងប្រតិបត្តិការស្រដៀងនឹងយន្តហោះចម្បាំងទៅវាយឆ្មក់តំបន់មួយចំនួននៅរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថាយោធារបស់ខ្លួនបាញ់ទម្លាក់ដ្រូនទាំងនោះបាន៤៩គ្រឿង។ ប៉ុន្តែរុស្ស៊ីមិនបានបញ្ជាក់ថាការវាយប្រហារនោះបណ្ដាលឱ្យស្លាប់ ឬរបួសប៉ុន្មាននាក់ទេ៕
ចែករំលែកព័តមាននេះ