រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១ ដល់៣១ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា យោងតាមការអង្កេតពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥% ។
ចំណែកនៅតំបន់ខ្ពង់រាបមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។
ដោយឡែក នៅតំបន់មាត់សមុទ្រមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ។
ក្រសួងបានអះអាងថា យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថាន ភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕
ចែករំលែកព័តមាននេះ