រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំបណ្តាក្រសួងពាក់ព័ន្ធបានបើកកិច្ចប្រជុំពិភាក្សាការងារគម្រោងស្តីពីផែនការបូមស្តារផ្លូវនាវាចរណ៍ពីភ្នំពេញ-ក្រចេះ និងភ្នំពេញ-កំពង់ឆ្នាំង ។

កិច្ចប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដឹកនាំឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សា និងឯកភាពលើយន្តការរួមក្នុងការអនុវត្តគម្រោងកែលំអផ្លូវនាវាចរណ៍ពីភ្នំពេញ-កំពង់ចាម និងភ្នំពេញ-កំពង់ឆ្នាំង ដែលជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគម្រោងដែលស្ថិតនៅក្នុងលក្ខខណ្ឌបង្អង់នៃកិច្ចសន្យាភាពជាដៃគូររវាងរដ្ឋ និងឯកជននៃគម្រោងព្រែកជីកហ្វូណនតេជោ ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំសម្របសម្រួលក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ឱ្យសម្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមានគម្រោងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង៕
ចែករំលែកព័តមាននេះ