រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលចិនបញ្ជាក់ជំហរថា នឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាព និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម វ៉ាង វិនបីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា៖« យើងគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបាន ក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស» ។

ឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ទៀតថា៖« យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ» ៕
ចែករំលែកព័តមាននេះ