ខេត្តបាត់ដំបង ៖ លំនៅឋានមួយខ្នងដែលសាងសង់ពីឈើនិងស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២១ សីហា នៅចំណុចភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ដែលម្ចាស់ផ្ទះអះអាងថា «ឆ្លងចរន្តអគ្គិសនី»តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

មន្ត្រីពន្លត់អគ្គិភ័យបានរាយការណ៍ថា លំនៅឋានដែលត្រូវភ្លើងឆេះធ្វើពីឈើ និងស័ង្កសី មានទំហំ៤ម៉x៦ម៉ ដែលមានម្ចាស់ឈ្មោះសឿន សុខុម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅចំណុចកើតហេតុ ។ លំនៅឋាននេះ ត្រូវបានខូចខាតទាំងស្រុង រាប់ទាំងទ្រព្យសម្បត្តិនានាដែលនៅក្នុងផ្ទះផង ដោយសារឆ្លងចរន្តអគ្គិសនី ។ នេះជាការអះអាងរបស់ជនរងគ្រោះ ដែលបានរាយការណ៍ប្រាប់សមត្ថកិច្ច ។

សមត្ថកិច្ចដែលបានជួយអន្តរាគមន៍បាននិយាយថា រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកថ្មគោលបានចេញជួយអន្តរាគមន៍ភ្លាមៗ តែមិនអាចជួយសង្គ្រោះទាន់ពេលវេលាឡើយ បានត្រឹមជួយបាញ់ទឹកទប់ស្កាត់កុំឆេះរាលដាលតែប៉ុណ្ណោះ ។ តុល្យការនៃការខូចខាត បើតាមរបាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ក្រៅពីបាត់បង់ផ្ទះមួយខ្នង ជនរងគ្រោះបានបាត់បង់ឯកសារសមាជិកគ្រួសារទាំងអស់ ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណ០៧សន្លឹក សំបុត្រកំណើតចំនួន០៦សន្លឹក សៀវភៅគ្រួសារ០១ក្បាល ប្រាក់ចំនួន២០ម៉ឺនរៀល គ្រែចំនួន០១ និងទ្រព្យសម្បត្តិ ឬសម្ភារប្រើប្រាស់ជាច្រើនទៀត ដែលនៅក្នុងផ្ទះមិនអាចរំដោះផុយពីចំណីព្រះអគ្គីបានឡើយ ។

សូមបញ្ជាក់ផងដែរថា អគ្គិភ័យដែលគេរកមូលហេតុមិនឃើញរហូតមកដល់ថ្ងៃនេះ បានលេបត្របាក់យកអស់កុដិលោកចំនួន០២ខ្នង កាលពីរសៀលថ្ងៃទី២០ សីហា នៅក្នុង«វត្តសេរីប៊ួខ្នា»ដែលស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ។ កុដិទាំង០២ខ្នងនោះមានមួយខ្នងមានទំហំ៣ម៉x៦ម៉ សាងសង់ពីឈើប្រក់ស័ង្កសី និងមួយខ្នងទៀតមានទំហំ ៥ម៉x៦ម៉ សាងសង់ពីឈើប្រក់ស័ង្កសី ដែលមានគ្រែចំនួន០៥នៅក្នុងកុដិនោះផង ។

សមត្ថកិច្ចបាននិយាយថា កុដិទាំង០២ខ្នងនេះ ត្រូវអគ្គិភ័យលេបយកអស់ទាំងស្រុង តែរហូតមកដល់ពេលនេះ គេមិនទាន់មានតម្រុយពីដើមហេតុនៃអគ្គិភ័យនេះឃើញនៅឡើយទេ ៕



ចែករំលែកព័តមាននេះ