ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរលួចម៉ូតូ វ៉ៃ.ននៀលដីទ្រមខ្លួន ទើបជួយលាងសម្អាត

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​លួច​ដោះ​យក​ម៉ូតូ​ចេញពី​រ៉ឺ​ម៉ក​បាន​១​គ្រឿង រួច​ជិះ​យក​ទៅ​ទុក​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​លក់​អី​វាន់ ។ បន្ទាប់​មក​បាន​ទៅ​បើក​ធុង​ទឹកកក​លួច​យក​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផឹក ប៉ុន្តែ​ត្រូវ​បុរស​ម្ចាស់ផ្ទះ​ឃើញ​ទាន់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​លួច​ដោះ​យក​ម៉ូតូ​ចេញពី​រ៉ឺ​ម៉ក​បាន​១​គ្រឿង រួច​ជិះ​យក​ទៅ​ទុក​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​លក់​អី​វាន់ ។ បន្ទាប់​មក​បាន​ទៅ​បើក​ធុង​ទឹកកក​លួច​យក​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផឹក ប៉ុន្តែ​ត្រូវ​បុរស​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង ។

ខណៈនោះ ជនសង្ស័យ​ភ័យ​ណាស់ ក៏​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុងភូមិ ហើយ​ម្ចាស់ផ្ទះ​ខាងលើ ក៏​នៅ​តែ​ដេញ​តាម​ដែរ ប៉ុន្តែ​ដេញ​អត់​ទាន់​ឡើយ ។លុះ​មួយសន្ទុះ​ក្រោយមក ចោរ​ម្នាក់​នេះ​បាន​លួច​ម៉ូតូ​១​គ្រឿង​ទៀត ក៏​ជិះ​ដេញ​បុក​ម្ចាស់ផ្ទះ​ជួល​ខាងលើ ដែល​កំពុង​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ។ អ្នក​ភូមិ​ឃើញ បាន​ស្រែក​ប្រាប់​ឲ្យ​ម្ចាស់ផ្ទះ​នោះ​គេច​ចេញ​ទាន់ ធ្វើ​ឲ្យ​ចោរ​ជើង​ខ្លាំង​នេះ​ដួល​ម៉ូតូ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​វាយ​ននៀល​ដី​ទ្រម​ខ្លួន ទើប​ប្រគល់​ឲ្យ​នគរបាល​សួរនាំ ។

ហេតុការណ៍​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចោរ​រង​គ្រោះ​ខាងលើ​ឈ្មោះ គា ចាន់​ថៃ អាយុ​៣៥​ឆ្នាំ មុខរបរ និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ​នោះ​ទេ ដើរ​គ្មាន​គោលដៅ​ឡើយ យប់​ត្រង់​ណា​ដេក​ត្រង់នោះ លួច​មិន​ស្វាង ។

ចោរ​ខ្លាំង​រូប​នេះ លួច​បាន​ម៉ូតូ​២​គ្រឿង ហើយ​ត្រូវ​បាន​ដកហូត​យក​មក​វិញ ក្នុង​នោះ​រួម​មាន ១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​សុ​ី​រូស ពណ៌​ប្រផេះ អត់​ផ្លា​ក​លេខ គឺជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ​ដែន មី​ល អាយុ​៣២​ឆ្នាំ ជា​នគរបាល ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​Honda ZOOMER-X ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GZ-​៨១០០ គឺជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ប៉ែន វណ្ណៈ អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ពភ្លា ឃុំ​សង្ឃ័រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ដោយឡែក​បុរស​ម្ចាស់ផ្ទះ​ជួល ដែល​ត្រូវ​ចោរ​ខាងលើ​ខឹង រួច​ជិះ​ម៉ូតូ​ដេញ​បុក​នោះ​ឈ្មោះ ង៉ុ​ក ស អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​សុ​ី​រូស​១​គ្រឿង​ខាងលើ ចេញពី​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​មក​បាន​ជិះ​យក​ទៅ​ទុក​នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ផ្ទះ​ជួល​នេះ ក៏​មាន​លក់​អី​វាន់ និង​ភេសជ្ជៈ​មួយ​ចំនូ​ន​ផង​ដែរ ។ ប្រជាពលរដ្ឋ​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា អ្នក​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ មិន​ធ្លាប់​បាន​ស្គាល់​ជនសង្ស័យ​នោះ​ឡើយ ហើយ​ខណៈ​ម្ចាស់ផ្ទះ​ជួល​បើកទ្វារ​លក់ដូរ និង​ឲ្យ​កម្មករ​ដែល​ជួល​ផ្ទះ​នោះ​ស្នាក់​នៅ​ចេញ​ទៅ​ធ្វើការ ស្រាប់តែ​ឃើញ​ចោរ​បើក​ធុង​ទឹកកក​លួច​យក​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផឹក ។

ប៉ុន្តែ​ត្រូវ​បាន​បុរស​ជា​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ស្រែកសួរ​ថា «​ប្អូន​ឯង​នៅឯណា ហើយ​មកពីណា ? ចោរ​ម្នាក់​នេះ​ឆ្លើយ​ថា ខ្ញុំ​ស្រែក​ទឹក​ពេក​រក​ទឹក​ផឹក ម្ចាស់ផ្ទះ​ជួល​ក៏​សួរ​ទៅ​អ្នក​ជួល​ផ្ទះ​ថា ស្គាល់​ជន​នេះ​ទេ អ្នក​ជួល​ផ្ទះ​ឆ្លើយ​ថា អត់​ស្គាល់​ទេ​» ខណៈនោះ ចោរ​ភ័យ​ខ្លាច​ក៏​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុងភូមិ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​ក៏​បាន​ដេញ​តាម​ដែរ ប៉ុន្តែ​ដេញ​មិន​ទាន់​ឡើយ រួច​ក៏​ដើរ​បក​ក្រោយ​ទៅ​ផ្ទះ​វិញ ចំណែក​ចោរ​បាន​ទៅ​លួច​ម៉ូតូ​អ្នក​ភូមិ​ខាងលើ​បាន​១​គ្រឿង​ទៀត ម៉ាក​Honda ZOOMER-X រួច​ជិះ​សំដៅ​ទៅ​បុក​ម្ចាស់ផ្ទះ​ជួល​ដែល​កំពុង​ដើរទៅ​ផ្ទះ​នោះ ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ស្រែក​ប្រាប់​ម្ចាស់ផ្ទះ​នោះ​ឲ្យ​គេច​ចេញ​ទាន់ ហើយ​ជនសង្ស័យ​ក៏​ដួល​ម៉ូតូ ទើប​អ្នក​ភូមិ​ចាប់​បាន​នាំ​គ្នា​វាយ​ទាត់​ធាត់​ម្នាក់​១​ដៃ​១​ជើង​ទ្រម​ខ្លួន រួច​យក​ទឹក​មក​ស្រោច​ពីលើ​ចោរ ដើម្បី​លាង​សម្អាត​ដី​ភក់​ជាប់​ខ្លួន ទើប​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ នាំ​ទៅ​សាកសួរ ។

មន្ត្រី​នគរបាល​ដែល​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​សុ​ី​រូស បាន​និយាយ​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ គាត់​បាន​ទុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​សុ​ី​រូស នៅ​ក្បែរ​បន្ទប់​ជួល​ដែល​គាត់​ស្នាក់​នៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​គាត់​បាន​ចូល​ដេក​ក្នុង​បន្ទប់ ហើយ​បាន​ដេក​លក់​រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ទើប​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ជិត​គ្នា​ប្រាប់​ថា ម៉ូតូ​គាត់​ចោរលួច​បាត់​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

ចំណែក​ម្ចាស់​ម៉ូតូ​ម៉ាក​Honda ZOOMER-X បាន​និយាយ​ដា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល​ដោយ​អត់​បាន​ដក​សោ​ចេញ​ទេ ហើយ​រវល់​តែ​ស្លៀកពាក់​នៅ​ក្នុង​បន្ទប់ ក៏​ស្រាប់តែ​ជនសង្ស័យ​លួច​យក​ម៉ូតូ​បាត់ ក្រោយមក​ទើប​ដឹង​ថា ប្រជាពលរដ្ឋ​ចាប់​បាន​ជនសង្ស័យ និង​ម៉ូតូ​របស់​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ