ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោសសម្អាត​មីន​តាម​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​អនុវត្ត​លើ​តំបន់​មានប្រជាជន​រស់នៅ និង​តំបន់​បាន​កំណត់​ខណ្ឌសីមា​ព្រំដែន​ច្បាស់លាស់​

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងប្រាប់​ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ថា ការ​បោសសម្អាត​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​អនុវត្ត​តាម​កិច្ចការ​អាទិភាព ដោយ​ផ្តោត​លើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ និង​តំបន់​ដែល​បាន​កំណត់​ខណ្ឌសីមា​ព្រំដែន​ច្បាស់លាស់​រវាង​កម្ពុជា​-​ថៃ​…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងប្រាប់​ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ថា ការ​បោសសម្អាត​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​អនុវត្ត​តាម​កិច្ចការ​អាទិភាព ដោយ​ផ្តោត​លើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ និង​តំបន់​ដែល​បាន​កំណត់​ខណ្ឌសីមា​ព្រំដែន​ច្បាស់លាស់​រវាង​កម្ពុជា​-​ថៃ​ ។ នេះ​បើ​យោង​តាម​អាជ្ញារ​មីន​បាន​ផ្សាយ​នា​មុន​នេះ ។

​អាជ្ញារ​មីន បានបន្តថា នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ទទួល​ជួប​ពិភាក្សា​ការងារ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា ។

ក្នុង​ជំនួប​នោះ ឯកឧត្តម Shaharuddin Onn បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​បោសសម្អាត​មីន និង​ភាព​ជា​ប្រធាន​ដឹកនាំ​អនុសញ្ញា​អូ​តា​វ៉ា នា​ពេល​កន្លង​មក ព្រមទាំង​បាន​ទទួលស្គាល់​ថា ការ​បោសសម្អាត​មីន គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​កម្ពុជា ដើម្បី​ផ្តល់​ដី​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ។

ឯកឧត្តម Shaharuddin Onn បាន​ថ្លែង​ទៀត​ថា ថ្មី​ៗ​នេះ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​-​ថៃ តាង​នាម​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​អាស៊ាន និង​ជា​មិត្តភក្តិ​ល្អ​របស់​កម្ពុជា និង​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា រវាង​កម្ពុជា​-​ថៃ ដែល​មានការ​ចូលរួម​ពី​សហរដ្ឋអាមេរិក និង​ចិន ហើយ​ម៉ា​ឡេ​ស៊ី នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ឱ្យ​បទ​ឈប់​បាញ់​នេះ​ទទួល​បាន​និរន្ត​ភាព និង​សុខ​សន្តិភាព​រវាង​កម្ពុជា​-​ថៃ​។

តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា​-​ថៃ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​បណ្តា​ក្រុមហ៊ុន​នានា​របស់​ម៉ា​ឡេ​ស៊ី ដែល​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ចការ​សកម្មភាព​មីន​នា​ពេល​កន្លង​មក ក្នុង​នោះ​រួម អង្គភាព Khmer Times សភាពាណិជ្ជកម្ម​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា (MBCC) និង​ធនាគារ MayBank ជាដើម​។

ឯកឧត្តម លី ធុ​ជ បាន​លើក​ឡើង​ថា បញ្ហា​មីន​នៅ​កម្ពុជា មាន​ភាព​ស្មុគស្មាញ​ខ្លាំង ជា​ពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ជា​តំបន់​រង​ផល​ប៉ះពាល់​ខ្ពស់ និង​មាន​មីន​ក្រាស់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវការ​ពេលវេលា និង​ធនធាន​ច្រើន​សម្រាប់​ធ្វើការ​បោសសម្អាត ។

ឯកឧត្តម​បន្ត​ទៀត​ថា កម្ពុជា កំពុង​បន្តការងារ​បោសសម្អាត​មីន​នេះ តាម​កិច្ចការ​អាទិភាព​ដែល​បាន​កំណត់ ជា​ពិសេស​ផ្តោត​លើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ និង​តំបន់​ដែល​បាន​កំណត់​ខណ្ឌសីមា​ព្រំដែន​ច្បាស់លាស់​រវាង​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ