ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ បញ្ជាក់​ថា ការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ខែកញ្ញានេះ​តទៅ

17 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​ការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​-​បារី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ នៅ​រាល់ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ ពោល​ក្នុងអំឡុងពេល​ នៃ​ការ​បើក​ឱ្យ​ដំណើរការ…

រាជធានីភ្នំពេញ ​៖ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​ការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​-​បារី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ នៅ​រាល់ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ ពោល​ក្នុងអំឡុងពេល​ នៃ​ការ​បើក​ឱ្យ​ដំណើរការ ផ្លូវ​ថ្មើរជើង​ចតុមុខ​ នេះ​តែ​ម្តង ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត នៅ​ខែកញ្ញា​ ឆ្នាំ​២០២៥ ​នេះ ​។

លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​«​ការ​ពង្រឹង​វិធានការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​-​បារី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ​» នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​លើក​ឡើង​ថា ផ្លូវ​ថ្មើរជើង​ចតុមុខ ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង ពី​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ មក​ដើរ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ រហូត​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២​ លើ​ពិភពលោក ឈ្មោះ​ថា ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី ​។

ក្នុង​នោះ​លោក អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​ផ្លូវ​ថ្មើរជើង​ចតុមុខ កាន់តែ​ល្អ​ប្រសើរ ទទួល​បាន​ភាព​ពេញ​និយម​មួយ​កម្រិត​ថែម​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ការ​យកចិត្តទុកដាក់​លើ​ការ​បន្ត​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សម្អាត​អនាម័យ​បរិស្ថាន​មួយ​កម្រិត​ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តី​ពី​ការ​អនុវត្ត​គម្រោង “​ពង្រឹង​វិធាន ការ​ហាម​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ​” នេះ​ថែម​ទៀត ​។

លោក ​ហួត ហៃ បាន​បញ្ជាក់​បន្ថែម​ថា ការ​ហាម​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ នេះ​ធ្វើ​ឡើង​តែ​នៅ​រាល់ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង១៨:០០​នាទី រហូត​ដល់​ម៉ោង២៣:០០​នាទី​។ ផុត​ពី​ថ្ងៃ​ និង​ម៉ោង​នេះ​ ពួក​គាត់​អាច​ជក់​បាន ហើយ​ក្នុង​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ហាម​នេះ​ដែរ ពួក​គាត់​ក៏​អាច​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​បាន​ដែរ តែ​ការ​ជក់​នោះ ត្រូវ​ចេញ​ឱ្យ​ផុត​ពី​ផ្លូវ​ថ្មើរជើង​ចតុមុខ ដើម្បី​កុំឱ្យ​រំខាន​គេ​ដោយ​ការ​បំពុល​ពី​ផ្សែង​បារី​នេះ​។ ដោយ​គម្រោង​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែកញ្ញា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​ហើយ ​។

សូម​បញ្ជាក់​ថា គោលបំណង​នៃ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី ​«​ការ​ពង្រឹង​វិធានការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​-​បារី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ​» ខាងលើ​នេះ គឺ​ដើម្បី​ឱ្យ​បងប្អូន​ជា​អា​ជីករ ដែល​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ បាន​យល់​ដឹង​និង​ចូលរួម ដើម្បី​ធ្វើ​ឱ្យ​គម្រោង​នៃ​ការ​ហាម​មិន​ឱ្យ​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ​នេះ ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ