ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​នៅ​ឋាន​​ពល​រដ្ឋ​​ជាង​​២០០​ខ្នង​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ​ត្រូវ​បំផ្លាញ​​ដោយ​គ្រាប់​ផ្លោង​​របស់​ទាហាន​​សៀ.ម​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​គ្រាប់​ផ្លោង​ចំនួន​ជាង​មួយ​ពាន់​គ្រាប់​របស់​សៀម ត្រូវ​បាន​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ នៅ​លើ​ទឹកដី​នៃ​ខេត្តឧត្តរមានជ័យ គឺជា​គ្រាប់​ដែល​សេសសល់​ក្រោយ​ពី​ការ​បាញ់​របស់​កងទ័ព​សៀម​មក​លើ​ទឹកដី​កម្ពុជា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ការ​ផ្ទុះអាវុធ​មុន​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​គ្រាប់​ផ្លោង​ចំនួន​ជាង​មួយ​ពាន់​គ្រាប់​របស់​សៀម ត្រូវ​បាន​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ នៅ​លើ​ទឹកដី​នៃ​ខេត្តឧត្តរមានជ័យ គឺជា​គ្រាប់​ដែល​សេសសល់​ក្រោយ​ពី​ការ​បាញ់​របស់​កងទ័ព​សៀម​មក​លើ​ទឹកដី​កម្ពុជា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ការ​ផ្ទុះអាវុធ​មុន​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ។

ការ​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​រវាង​កងទ័ព​កម្ពុជា និង​សៀម បាន​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​អាវុធ​ទំនើប​ៗ​ពី​សំណាក់​យោធា​សៀម ក្នុង​នោះ​មានការ​ប្រើ​គ្រាប់បែក​ចង្កោម ដែល​ខុស​នឹង​ច្បាប់​អន្តរជាតិ និង​ការ​ប្រើ​កាំភ្លើង​ធំ​គ្រប់​ប្រភេទ ។ទ​ង្វើ​របស់​ទាហាន​សៀម​ឈ្លានពាន​បែប​នេះ មិន​ត្រឹមតែ​បាន​បំផ្លិចបំផ្លាញ ទីតាំង​ប្រវត្តិសាស្ត្រ វប្បធម៌​សំខាន់​ៗ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្ត​អារាម និង​ជា​ពិសេស​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​ជាង​២០០​ខ្នង ។

លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជាង​២០០​ខ្នង នៅ​ខេត្តឧត្តរមានជ័យ មានផ្ទះ​ខ្លះ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ពី​ការ​វាយប្រហារ​យ៉ាង​កម្រោល​របស់​ទាហាន​សៀម កាលពី​ថ្ងៃ​ទី​២៤​ដល់ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ។ លោក ម៉េ​ត មាស​ភក្តី អភិបាលរង​ខេត្តឧត្តរមានជ័យ​បាន​ថ្លែង​បែប​នេះ​ប្រាប់​ក្រុម​អ្ន​សការ​ព័ត៌មាន ។

កាលពី​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែសីហា ២០២៥ ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ទៅ​កាន់​តំបន់​ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ឧត្តរមានជ័យ ដែល​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​របស់​សៀម ។ ក្រៅពី​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ក្រុម​អ្នក​សារព័ត៌មាន ក៏​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​ខ្នង​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ដែល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេល​ជម្លោះព្រំដែន ដែល​បង្ក​ឡើង​ដោយ​ទាហាន​សៀម ។

លំនៅ​ឋាន​មួយ​ដែល​មានការ​កត់សម្គាល់​នោះ​គឺជា​ញើស​ឈាម​របស់​ប្ដី​អ្នកស្រី គង់ ចាន់​ថា ជា​អតីត​ទាហាន​មួក​ខៀវ​ក្រោម​ឆត្រ UN នៅ​ប្រទេស​ម៉ា​លី ត្រូវ​បាន​គ្រាប់បែក​បំផ្លាញ​ទាំងស្រុង ពោល​គឺ​ក្លាយជា​គំនរ​ដែក បេតុង និង​ឈើ ។ អ្នកស្រី​ជា​ភរិយា​បាន​ប្រាប់​សារព័ត៌មាន​ទាំង​រលីងរលោង​ទឹកភ្នែក​ថា ផ្ទះ​របស់​អ្នកស្រី គឺជា​ញើស​ឈាម​របស់​ប្ដី​ដែល​បាន​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ា​លី ។ ផ្ទះ​នេះ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​គ្មាន​សល់​អ្វី​ឡើយ ។ បច្ចុប្បន្ន​នេះ អ្នកស្រី និង​ស្វាមី ដែល​ជា​ទាហាន​កងកម្លាំង​រថក្រោះ មិន​មាន​លទ្ធភាព​សាងសង់​ផ្ទះ​ថ្មី​ឡើង​វិញ​នោះ​ទេ ។
ក្រៅពី​បាត់បង់​លំនៅ​ឋាន​ដោយសារ​គ្រាប់​ផ្លោង​របស់​ទាហាន​សៀម​មក​លើ​កម្ពុជា​ហើយ​នោះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ខេត្តឧត្តរមានជ័យ ក៏​បាន​បាត់បង់​មុខរបរ​រកស៊ី​ទទួលទាន​ប្រចាំ​ថ្ងៃ ខណៈ​ខ្លួន​មាន​ជាប់​បន្ទុក​បំណុល​ធនាគារ​ថែម​ទៀត ។

ទោះបីជា​បែប​ណា​ព័ត៌មាន​មុន​នេះ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ប្រទេស​ចិន​បាន​ជួយ​ជួសជុល​លំនៅ​ឋាន​ជិត​១០០​ខ្នង ដែល​រង​ការ​បំផ្លាញ ដោយ​គ្រាប់​ផ្លោង​សៀម​ឈ្លានពាន ។លំនៅ​ឋាន​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ដែល​ចិន​និង​ផ្តល់​ជំនួយ​ជួយ​ជួសជុល​មានផ្ទះ​ប្រជាពលរដ្ឋ និង​ផ្ទះ​យោធា ដែល​រង​ការ​បំផ្លិចបំផ្លាញ​ជាមួយនឹង​ការ​ស្ដារ​ហេ​ដ្ឋា​រចនា​ម្ព័​ន្ធ​ចាំបាច់​មួយ​ចំនួន​ទៀត ដើម្បី​សម្រាល​បន្ទុក​លំបាក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​រង​គ្រោះ​ដោយសារ​សង្គ្រាម ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៦ ខែសីហា កន្លង​មក ឯកឧត្ដម មាន ចាន់​យ៉ា​ដា អភិ​បាលខេត្ត​ឧត្តរមានជ័យ បានឱ្យ​ដឹង​ថា ជំនួយ​របស់​ចិន​នេះ សម្រាប់​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​៣០​ផ្ទះ និង​ផ្ទះ​គ្រួសារ​កងទ័ព​ចំនួន​៦៦​ផ្ទះ ។ ក្រៅពី​នោះ​ជួសជុល​វត្ត​តា​មាន់​សែន​ជ័យ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ទាំងស្រុង និង​ជួយ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត និង​ប្រព័ន្ធ​អគ្គិសនី ។

យោង​តាម​រដ្ឋបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ដែរ​ថា តំណាង​ស្ថានទូត​ចិន បាន​យក​ថវិកា​១០​ម៉ឺន​ដុល្លារ ជូន​ដល់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ សម្រាប់​ជួសជុលផ្ទះ​ពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​រង​ការ​បំផ្លាញ ដោយសារ​គ្រាប់​ផ្លោង​របស់​ទាហាន​សៀម ។ ថវិកា​ទាំងនោះ នឹង​ប្រើប្រាស់​សម្រាប់​យក​ទៅ​រៀបចំ​មណ្ឌល​សុវត្ថិភាព​ជនភៀសសឹក និង​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ និង​វត្ត​អារាម​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ឈ្លានពាន​របស់​កងទ័ព​សៀម​មក​លើ​កម្ពុជា ។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ចំនួន​ប្រមាណ ១,៨ លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៥ សីហា ២០២៥ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​មនុស្សធម៌​បន្ទាន់ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​មុន​នេះ ។ ជំនួយ​នេះ នឹង​អនុវត្ត​តាម​រយៈ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ដោយ​ផ្តោត​លើ​ការ​ចែកចាយ​សម្ភារៈ​ចាំបាច់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ជម្រក​បណ្តោះអាសន្ន​សម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ ។

រាជរដ្ឋាភិបាល​ជប៉ុន បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ កិច្ចព្រមព្រៀង​ឈប់​បាញ់​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​រវាង​កម្ពុជា និង​ថៃ និង​សង្ឃឹមថា នឹង​មាន​សន្តិភាព​ឡើង​វិញ​ឆាប់​ៗ ខណៈ​ដែល​នឹង​បន្ត​ខិតខំ ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ។ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី និង​អនុព័ន្ធយោធា វរសេនីយឯក ហា​រ៉ា តា​កា​ស៊ី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​ព្រំដែន និង​មានការ​គ្រាំគ្រា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទំហំ​នៃ​ការ​ខូចខាត ។ រាជរដ្ឋាភិបាល​ជប៉ុន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​បន្ទាន់​និង​ឥត​លក្ខខណ្ឌ​រវាង​កម្ពុជា និង​ថៃ ហើយ​សង្ឃឹមថានឹង​មាន​សន្តិភាព​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយនឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​អ្នក​ដែល​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ