សភាពការណ៍តាមព្រំដែនកម្ពុជា និងថៃ មានសភាពស្ងប់ស្ងាត់ និងគិតរហូតមកដល់ពេលនេះ កងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជា ដោយខុសច្បាប់ មានរយៈពេល២១ថ្ងៃហើយ តែប្រទេសមួយនេះ នៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។

ក្រសួងព័ត៌មាន បានផ្សាយនាព្រឹកនេះ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ឱ្យដឹងថា ៖កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងខាងលើ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូប ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារ របស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់ ។
គួរបញ្ជាក់ថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ ។

គិតមកដល់ពេលនេះ មានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង១០នាទី គិតត្រឹមម៉ោង៧,០០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ។ ក្រសួងការពារជាតិ កងទ័ពកម្ពុជា និងសហគមន៍អន្តរជាតិបន្តការទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដោយព្រមប្រគល់មកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបមកវិញក្រោមច្បាប់អន្តរជាតិ ។ ហើយយើងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលដោយឯកកោនោះទេ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអះអាងដែរថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ស្ថិតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា ។ កងកម្លាំងរបស់កម្ពុជា កំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។
កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមសង្កេតការណ៍៣ប្រទេស គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងដោយបញ្ជាក់បន្ថែមថា រាជរដ្ឋភិបាលកម្ពុជា កងកម្លាំងកងទ័ពកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ការអនុវត្តបទឈប់បាញ់បានលេញរបស់ភាគី ទាំងសងខាងនឹងធ្វើឱ្យបរិយាកាស មានភាពអំណោយផលឆ្ពោះមកវិញនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចប់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ៕
ចែករំលែកព័តមាននេះ