ខេត្តស្ទឹងត្រែង ៖ ដើមឈើ១ដើម មានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ដែលបានក្លាយទៅជាថ្មទៅហើយ ត្រូវបានកាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ។ នេះបើតាមការវាយតម្លៃរបស់លោក លឹម វណ្ណច័ន្ទ ប្រធានការិយល័យបេតិកភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ។

តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ត្រីជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧,៥ម៉ែត្រ ។ មន្ត្រីជំនាញបានគូសបញ្ជាក់ឱ្យដឹងថា សម្រាប់ដើមឈើថ្មនេះ អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬវែងជាងនេះ ដោយសារកំណាយមិនទាន់រួចរាល់ ។ ដើមឈើនេះកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មយក្រៀម ។
ទាក់ទិននឹងកិច្ចការងារកំណាយនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត ។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅក្នុងតំបន់នោះ ។ តើដើមឈើអាចក្លាយជាថ្មបានយ៉ាងដូចម្តេច ?បាតុភូតធម្មជាតិជាច្រើនតែងមានការបកស្រាយប្លែកៗទៅតាមទម្លាប់ ជំនឿ និងការឃើញជាក់ស្តែងរបស់ប្រជាជនតាមតំបន់ដែលពួកគេបានរស់នៅ ។

ប៉ុន្តែក្រោយមក ការបកស្រាយអំពីបាតុភូតិធម្មជាតិ គឺគេធ្វើតាមបែបវិទ្យាសាស្ត្រ ដោយផ្តោតលើការសិក្សាស្រាវជ្រាវ និងវិភាគយ៉ាងស៊ីជម្រៅ ទើបគេអាចសន្និដ្ឋានថាជាបាតុភូតិធម្មជាតិអ្វីមួយ ។ នៅក្នុងប្រទេសកម្ពុជា ប្រជាជនមួយចំនួនដែលធ្លាប់រស់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ពួកគាត់ធ្លាប់ឮពាក្យថា គគីរថ្ម ។គគីរថ្មជាអ្វី ? គគីរថ្មជាឈ្មោះនៃប្រភេទដើមគគីរម្យ៉ាង និងមួយទៀតជាការហៅឈ្មោះថ្មម្យ៉ាងដែលមានសណ្ឋានដូចដើមឈើ ។
អ្នកខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានពន្យល់ថា ដើមគគីរនៅពេលវាចាស់ដល់កម្រិតហើយកប់ក្នុងដីទៅវាក្លាយជាថ្ម ។ ចំណែកនៅខេត្តរតនគិរី ក្នុងស្រុកលំផាត់ ក៏មានប្រភេទដើមឈើថ្មដែរ កាលពីឆ្នាំ២០១៩ តែអ្នកស្រុកនៅតំបន់នោះ គេហៅថាឈ្លីកថ្ម ដោយពួកគាត់ថា វាមានលក្ខណៈដូចដើមឈ្លីក និងមានពណ៌ខ្មៅ ។នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹមវណ្ណច័ន្ទ បានសិក្សានិងធ្វើកំណាយស្រាវជ្រាវទីតាំងដើមឈើថ្ម ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្រុមការងារបានធ្វើកំណាយក្នុងទំហំដី៤ម៉ែត្រគុណនឹង២០ម៉ែត្រ ជម្រៅរហូត២ម៉ែត្រ ជាលទ្ធផល ៖១-ដើមឈើថ្មមួយដើមធំ មានមុខកាត់ ៩០សង្ទីម៉ែត្រ គល់១៣៥សង្ទីម៉ែត្រ ឫស១៨០សង្ទីម៉ែត្រ បណ្តោយ១៧ម៉ែត្រ ខាងចុងស្ថិតនៅទិសខាងពាយ័ព្យ និងផ្នែកគល់នៅទិសខាងអាគ្នេយ៍ ។ ផ្នែកខាងចុងបានបាក់បែកជាបំណែកតូចៗ នៅផ្នែកឫសនៃដើមឈើទី១នេះ យើងបានរកឃើញបំណែកស្លឹកដែលកកនៅក្នុងថ្មនៃឫសឈើនេះ ជួបបំណែកនៃសម្បកឈើ ។
ដំបូងឡើយផូស៊ីលដើមឈើនេះលេចចេញប្រវែង៤ម៉ែត្រ និងកម្ពស់ ១០សង្ទីម៉ែត្រមកខាងលើដី ។ ដើមឈើដែលយើងបានធ្វើកំណាយឃើញនេះ វាមានស្នាមរង្វង់ចញ្ចៀនកម្រាស់ក្រាស់ៗដូចរង្វង់ចិញ្ចៀននៃដើមស្រល់ដែលអាចយល់បានថា ជាប្រភេទដែលមានការលូតលាស់លឿន ។២-ដើមឈើទី២ ស្ថិតនៅខាងជើងដើមឈើទី១ ក្នុងរណ្តៅកំណាយដែលមានប្រវែង ៤ម៉ែត្រ ដោយផ្នែកខ្លះកប់នៅក្នុងដីនៅឡើយ ។ ក្នុងនោះយើងបានរកឃើញបំណែកស្លឹកឈើដែលកប់ក្នុងថ្មនៃគល់ឈើទី២នេះផងដែរ កាលពីឆ្នាំ២០១៩ ។៣-បំណែកដើមឈើ៣ផ្សេងទៀត មែកឈើ ឫសឈើមួយចំនួនក៏បានរកឃើញក្នុងរណ្តៅកំណាយផងដែរ ។

តាមការសិក្សាពិនិត្យទៅលើសំណាកផូស៊ីលដើមឈើ ដែលយើងបានរកឃើញតាមរយៈនៃការធ្វើកំណាយ យើងអាចយល់បានជាបឋមថា ដើមឈើទាំងឡាយអាចក្លាយទៅជាថ្មបាន ដោយយើងដឹងជាទូទៅថា ឈើងាយនឹងពុកផុយណាស់ ទោះបីជាកប់ក្នុងដី ឬមិនកប់ក្នុងដីក៏ដោយ តែប្រភេទឈើដែលយើងធ្វើកំណាយឃើញនេះ ជាប្រភេទឈើដែលធន់នឹងបរិស្ថានក្រោមដី ដោយវាមិនងាយនឹងពុកផុយ និងប្រែក្លាយទៅថ្មទៅវិញ ៕

ចែករំលែកព័តមាននេះ