ទីក្រុងវ៉ាស៊ីនតោន៖ បញ្ហាឥណ្ឌាទិញប្រេងឆៅពីប្រទេសរុស្ស៊ីដែលខុសនឹងលក្ខន្តិកៈនៃការដាក់ទណ្ឌកម្មពីបទឈ្លានពានអ៊ុយក្រែននោះមិនទាន់ចប់ទេ។ ថ្ងៃនេះ ទីប្រឹក្សាពាណិជ្ជកម្មប្រចាំសេតវិមាន លោកភីថឺ ណាវ៉ារ៉ូ (Peter Navrro) យល់ថាឥណ្ឌាគួរណាស់ឈប់ទិញប្រេងពីរុស្ស៊ី។ លោកយល់ថាឥណ្ឌាធ្វើដូច្នេះគឺជាការជួយជ្រោមជ្រែងឱ្យរុស្ស៊ីមានលុយធ្វើសង្គ្រាមជាបន្តទៀត។ លោកថ្លែងបន្តទៀតថារដ្ឋាភិបាលទីក្រុងញូដេលីកំពុងតែបង្កើនការជិតស្និទ្ធជាមួយរុស្ស៊ី និងចិន។
លោកណាវ៉ារ៉ូធ្វើអត្ថាធិប្បាយដូចខាងលើនេះតាមរយៈអត្ថបទចុះផ្សាយនៅលើទំព័រសារព័ត៌មានហ្វាយណាន់សល ថាមស៍ (Financial Times)។ អត្ថបទនោះសរសេររៀបរាប់ថាបើចង់បានភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាមេរិក ឥណ្ឌាចាំបាច់ត្រូវតែធ្វើខ្លួនឱ្យស័ក្ដិសមជាដៃគូអាមេរិកពិតៗ។
គួរកត់សម្គាល់ថាកាលពីពេលកន្លងមក ក្រសួងការបរទេសឥណ្ឌាធ្លាប់ត្អូញត្អែរថាប្រទេសរបស់ខ្លួនទទួលរងភាពអយុត្តិធម៌ដោយសារតែខ្លួនទិញប្រេងឆៅពីរុស្ស៊ី។ ឥណ្ឌាដាក់ជាចម្ងល់ថាអឺរ៉ុប និងអាមេរិកនៅតែបន្តទិញទំនិញពីរុស្ស៊ីរហូតដល់សព្វថ្ងៃនេះ ហេតុដូចម្ដេចក៏គ្មានបញ្ហា? មកបញ្ហាតែឥណ្ឌា? មុនដំបូងលោកត្រាំដំឡើងពន្ធគយលើទំនិញឥណ្ឌា២៥%។
ក្រោយមក លោកដំឡើង២៥%ទៀត។ ដូច្នេះទាំងមុនទាំងក្រោយស្មើងនឹង៥០%។ ឥណ្ឌាចាប់ផ្ដើមពិបាកជាបណ្ដើរៗស្ទើរទប់ខ្លួនមិននឹង។ កាលពីប៉ុន្មានថ្ងៃមុន នាយករដ្ឋមន្ត្រីថ្លែងសារនយោបាយដោយមិនសំដៅទៅលើការដំឡើងពន្ធគយនោះទេ។ លោកថាប្រជាជនឥណ្ឌាចាំបាច់ត្រូវតែប្រកាន់ជំហរខ្លួនទីពឹងខ្លួន និងខិតខំផលិតទំនិញគ្រប់មុខនៅក្នុងស្រុកដើម្បីឈប់រស់ពឹងលើបរទេស។
លោកណាវ៉ារ៉ូសរសេរបន្តទៀតថាឥណ្ឌាសព្វថ្ងៃនេះបំពេញតួនាទីជាអ្នកជួយបញ្ចេញពីស្តុកនូវប្រេងឆៅរបស់រុស្ស៊ី។ បន្ទាប់មក ពួកគេយកប្រេងឆៅទៅចម្រាញ់ និងលក់បានថ្លៃ ហើយទូទាត់ជាសាច់ប្រាក់ដុល្លារទៅឱ្យរុស្ស៊ី។ ចំណុចមួយទៀត លោកថាការដែលឥណ្ឌាចាប់ផ្ដើមខិតទៅជិតរុស្ស៊ី និងចិនកាន់តែខ្លាំងធ្វើឱ្យអាមេរិកមិនអាចលក់គ្រឿងបរិក្ខារយោធាទំនើបៗទៅឱ្យឥណ្ឌាទេព្រោះវាជាការប្រឈមនឹងគ្រោះថ្នាក់។ នេះមិនមែនជាលើកទី១ទេដែលអាមេរិកបញ្ចេញប្រតិកម្មតបទៅប្រទេសឥណ្ឌា។ ប៉ុន្តែឥណ្ឌាបញ្ជាក់ថាខ្លួននឹងទិញប្រេងពីរុស្ស៊ីជាបន្តទៀត។ នេះបើយោងតាមក្រុមហ៊ុនឥណ្ឌាន អយ ខប (Iindian Oil Corp) ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេរបស់ឥណ្ឌា។
នៅក្នុងស្ថានភាពដែលសង្គ្រាមពាណិជ្ជកម្មបន្តកើតឡើង ប្រទេសឥណ្ឌា និងចិនចាប់ផ្ដើមខិតជិតគ្នាព្រោះពួកគេទទួលអារម្មណ៍ថាហាក់ដូចជាកំពុងជិះនៅលើទូកតែមួយ។ ហេតុនេះទោះបីពីមុនធ្លាប់មានទំនាក់ទំនងល្អក់កករនឹងគ្នា ឬមិនទុកចិត្តគ្នា ពួកគេទុកបញ្ហានេះមួយឡែកសិន។ នាយករដ្ឋមន្ត្រីឥណ្ឌាត្រៀមបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងចុងខែសីហានេះ។
ចំណែករដ្ឋមន្ត្រីការបរទេសចិនកំពុងបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំង២។ ងាកទៅអាមេរិកឯណោះវិញ អាមេរិកមុនដំបូងចង់បញ្ជូនក្រុមអ្នកចរចាទៅញូដេលីចាប់ពីថ្ងៃទី២៥ដល់២៩ ខែសីហា។ ប៉ុន្តែចុងក្រោយនេះ អាមេរិកលុបចោលគម្រោងនោះវិញ។ ដូច្នេះ អ្វីដែលឥណ្ឌាសង្ឃឹមថានឹងមានឱកាសចរចាគ្នាដើម្បីបន្ធូរបន្ថយពន្ធគយនោះប្រហែលជាមិនអាចទៅរួចទេ។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ