អាជ្ញាធរមីនកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ រឿងកម្ពុជាដាក់មីនថ្មី
រាជធានីភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបដិសេធ និងប្រកាសទាត់ចោលទាំងស្រុង ការចោទប្រកាន់របស់ភាគីថៃ…
រាជធានីភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបដិសេធ និងប្រកាសទាត់ចោលទាំងស្រុង ការចោទប្រកាន់របស់ភាគីថៃ…
រាជធានីភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបដិសេធ និងប្រកាសទាត់ចោលទាំងស្រុង ការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជា បានលួចដាក់មីនថ្មី តាមបន្ទាតព្រំដែន និងស្តុកទុកមីន ដែលការចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ ដោយចេតនាបង្កាច់បង្ខូចមកលើកម្ពុជាទាំងស្រុង ។
ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានដែលមានការចូលរួមពីឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីនកម្ពុជា ។
ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីន គឺជាសត្រូវរបស់ជាតិ និងប្រជាជនខ្មែរ កម្ពុជាសូមទាត់ចោលការចោទប្រកាន់របស់ថៃទាំងស្រុង។ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។ មីន គឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម។ នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន ។
តំបន់ដែលទាហានថៃរងគ្រោះ ដោយសារដើរជាន់មីន គឺជាតំបន់ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន។ វត្តមានគ្រាប់មីន ដ៏ច្រើននេះបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ ។
ឯកឧត្ដម លី ធុជ បានសម្តែងការសោកស្តាយ ដែលថៃបានយកបញ្ហាមីន មកបង្កឱ្យមានការឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា បំពានមកលើធិបតេយ្យកម្ពុជា ដែលជាប្រទេស ភូមិផងរបងជាប់គ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងមានរបររកស៊ី និងរាប់អានគ្នា។ នៅតាមព្រំដែន គឺជាតំបន់នៅសេសសល់មីន ដែលកម្ពុជា ត្រូវបន្តបោសសម្អាតមីនបន្ថែមទៀត ខណៈកន្លងមក អាជ្ញាធរមីនបានសហការជាមួយស៊ីម៉ាក់ អនុវត្តគម្រោងបោសសម្អាតមីន ដែលមានការគាំទ្រពីប្រទេសអូស្ត្រាលី ញូវហ្សេលែន កូរ៉េ និងអង្គការ UNDP ចូលរួមលើកនូវផ្លាកសញ្ញាហាមឃាត់ព្រោះជាតំបន់មានមីនច្រើន និងគ្រោះថ្នាក់ ជាច្រើនឆ្នាំមកហើយ ដើម្បីឱ្យប្រជាពលប្រុងប្រយ័ត្ន និងកុំដើរចូលក្នុងតំបន់នេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។
ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន៦៤០៥ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២៥៨៤៥គ្រាប់ ចំនួនជនរងគ្រោះបានថយចុះពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ