ភូមា ៖ រថយន្តដឹកទំនិញប្រហែល ៥០០គ្រឿង ដែលផ្ទុកទំនិញថៃ បានជាប់គាំងនៅត្រើយម្ខាងថៃ នៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុង Myawaddy ក្នុងរដ្ឋការ៉ែន ជាមួយប្រទេសថៃ បន្ទាប់ពីរបបយោធាភូមា បានហាមឃាត់ការនាំចូល នេះបើយោងតាមសារព័ត៌មាន Burma News International ។
ពាណិជ្ជករម្នាក់បាននិយាយថា ចាប់តាំងពីថ្ងៃទី៥ ខែសីហា រថយន្តប្រមាណ ៥០០គ្រឿង បានចតនៅឃ្លាំងមួយក្នុងទីក្រុង Mae Sot ដែលជាទីក្រុងព្រំដែនរបស់ថៃ ដោយរង់ចាំការអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសភូមា ។
លោកបានប្រាប់អ្នកសារព័ត៌មានថា «ការនាំចូលទំនិញថៃ តាមរយៈស្ពានមិត្តភាពទី២ ត្រូវបានផ្អាក បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់ និងមន្ត្រីស៊ីវិលរបស់ភូមា ត្រូវបានចាប់ខ្លួនដោយរបបយោធាពីបទអនុញ្ញាតឲ្យរថយន្តឆ្លងកាត់ស្ពានទន្លេ Thanlwin នៅទីក្រុង Hpa-An ។ ការបិទនេះ បានអូសបន្លាយប្រហែល ២សប្តាហ៍មកហើយ ហើយរថយន្តរាប់រយគ្រឿង នៅតែជាប់គាំង នៅទីក្រុង Mae Sot ។ លើសពីនេះ របបយោធាភូមា បានហាមឃាត់ការនាំចូលទំនិញ ៣៥ប្រភេទ ដោយបង្ហាញថា អាចនឹងពិនិត្យឡើងវិញ នូវអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងនីតិវិធីពាក់ព័ន្ធទាំងអស់ ។
គិតត្រឹមថ្ងៃទី១៦ ខែសីហា ការផ្អាកការនាំចូលទំនិញថៃ ចូលប្រទេសភូមា តាមរយៈស្ពានមិត្តភាពទី២ នៅតែបន្តមានដដែល ។ ទោះជាមានការនាំចេញពីប្រទេសភូមា រួមមាន ៖ ខ្ទឹមបារាំង ម្ទេស សណ្តែកសៀង អង្ករ បន្លែ សាច់ និងត្រី នៅតែហូរចូលប្រទេសថៃ ដូចធម្មតាក៏ដោយ ។
ពាណិជ្ជករនៅទីក្រុង Myawaddy ម្នាក់ទៀត បាននិយាយថា «ឥឡូវនេះ មិនអាចនាំចូលទំនិញពីប្រទេសថៃ តាមរយៈស្ពានមិត្តភាពទី២ ឬសូម្បីតែតាមរយៈច្រករបៀងនោះទេ។ ទំនិញរបស់ភូមា នៅតែត្រូវបានអនុញ្ញាតឲ្យចូលប្រទេសថៃ។ ហើយទំនិញណាមួយ ដែលហ៊ាននាំចូលពីប្រទេសថៃ ចូលភូមា ត្រូវបានរបបយោធាភូមាចាប់រឹបអូស ។ ដោយសារតែហេតុផលនេះហើយ ទើបគ្មានរថយន្តដឹកទំនិញណាមួយ ហ៊ានដឹកទំនិញនាំចូលទៀតទេ» ។
នៅទីក្រុង Mae Sot ប្រទេសភូមា ពាណិជ្ជករ ត្រូវបង្ខំចិត្តជួលឃ្លាំងសម្រាប់រយៈពេលយូរ ដើម្បីស្តុកទំនិញ និងបន្តផ្ដល់ប្រាក់ខែអ្នកបើកបរ ទោះបីជារថយន្តទាំងនោះ មិនអាចធ្វើដំណើរបានក៏ដោយ ដែលបង្កឲ្យមានការចំណាយខ្ពស់ និងបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរសម្រាប់ពួកគេ។
ជាងនេះទៅទៀត ទំនិញថៃ ដែលបានទៅដល់ទីក្រុង Myawaddy នៅត្រើយម្ខាងនៃប្រទេសភូមារួចហើយនោះ ពាណិជ្ជករ ក៏ត្រូវជួលឃ្លាំង ដើម្បីស្តុកទុកវា ព្រោះពួកគេ មិនត្រូវបានអនុញ្ញាតឲ្យនាំវាបន្តចូលទៅក្នុងប្រទេសភូមា នោះទេ ៕
ចែករំលែកព័តមាននេះ