ទីក្រុងរ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ានៅថ្ងៃចន្ទ។ នេះជាការគូសវាសផ្លូវឆ្ពោះទៅរកការបោះឆ្នោតជាថ្មីម្ដងទៀតបន្ទាប់ពីប្រទេសជាតិ១នេះត្រូវហែកហួរដោយភ្លើងសង្គ្រាមរយៈពេលជិត៥ឆ្នាំចាប់តាំងពីមានរដ្ឋប្រហារដើមឆ្នាំ២០២១។
គណៈកម្មការរៀបចំការបោះឆ្នោតប្រកាសថានេះជាការបោះឆ្នោតដំណាក់កាលទី១។ ដូច្នេះនឹងមានការបោះឆ្នោតទៅតាមលំដាប់លំដោយជាបន្តទៀត, អាចនឹងរៀបចំនៅខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ មូលហេតុដែលរៀបចំការបោះឆ្នោតច្រើនដំណាក់កាលដូច្នេះ បើយោងតាមការប្រកាសរបស់ទូរទស្សន៍រដ្ឋ ដោយសារបញ្ហាអសន្តិសុខនៅក្នុងផ្ទៃប្រទេស។
សព្វថ្ងៃនេះគណបក្សនយោបាយចំនួន៥៥បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ក្នុងនោះ គណបក្សចំនួន៩មានសមត្ថភាពដាក់បេក្ខជនរបស់ខ្លួនទូទាំងប្រទេស។ គណបក្សចំនួន៦កំពុងឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការរៀបចំការបោះឆ្នោតមុននឹងអនុម័តយល់ព្រមឱ្យចុះឈ្មោះប្រកួតប្រជែង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា។
ក្រុមបស្ចិមប្រទេសប្រកាសច្រានចោលការបោះឆ្នោតនេះទុកជាមុនដោយសារក្រុមប្រឆាំងនឹងលោកមីនអុងឡាំងមិនអាចចូលរួមប្រកួតប្រជែងបានឡើយ, អាចដោយសារលោកមីនអុងឡាំងបិទខ្ទប់មិនឱ្យចូលរួម ឬអាចដោយសារពួកគេមិនចង់ចូលរួម ហើយចង់ប្រយុទ្ធគ្នាជាបន្តទៀត។ រដ្ឋអំណាចបណ្ដោះអាសន្នដែលទើបតែបង្កើតឡើងថ្មីៗប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតនៅក្នុងមណ្ឌលចំនួនជាងបីរយទូទាំងប្រទេស។ ក្នុងនោះ តំបន់ខ្លះស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមប្រឆាំងប្រដាប់អាវុធ។
កាលពីឆ្នាំ២០២៤ របបសឹកបានធ្វើជំរឿនទូទាំងប្រទេសដើម្បីបូកសរុបចំនួនប្រជាជន។ ប៉ុន្តែនៅក្នុងចំណោមប្រជាជនមីយ៉ាន់ម៉ាជាង៥១លាននាក់នោះ ប្រជាជនជាង១៩លាននាក់គ្មានឈ្មោះនៅក្នុងជំរឿននោះទេ។ ការបោះឆ្នោតលើកនេះអាចនឹងខ្វះចន្លោះច្រើនណាស់។ ពួកឧទ្ទាមប្រកាសថាពួកគេនឹងមិនអនុញ្ញាតឱ្យរៀបចំការបោះឆ្នោតនៅក្នុងទីតាំងដែលពួកគេកំពុងត្រួតត្រាជាដាច់ខាត៕
ចែករំលែកព័តមាននេះ