រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានប្រាប់បណ្តាសមាជិកអង្គទូតបរទេស និងតំណាង ទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំកម្ពុជាពីកង្វល់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះកំណើននៃការគំរាមកំហែង មកលើបទឈប់បាញ់ដែលផុយស្រួយ ដោយលើកឡើងពីសកម្មភាពកំពុងប្រព្រឹត្តនានារបស់កងទ័ពថៃ។

យោងតាមកិច្ចប្រជុំសង្ខេបព័ត៌មានអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដោយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ជូនដល់សមាជិកអង្គទូតបរទេស និងតំណាង ទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកជំទាវរដ្ឋមន្ត្រីស្តីទី បានផ្តល់ព័ត៌មានជាទូទៅអំពីកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលនាំឱ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់។
លោកជំទាវបានធ្វើបច្ចុប្បន្នភាពបន្ថែមទៀតជូនដល់អ្នកចូលរួម អំពីកិច្ចប្រជុំវិសាមញ្ញរបស់ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥ ដែលកិច្ចប្រជុំនេះបានជំរុញឱ្យមានវឌ្ឍនភាពអំពីការអនុវត្តបទ ឈប់បាញ់ និងជំហានដំបូង ដើម្បីឆ្ពោះទៅរកការស្តារប្រក្រតីភាព។
លោកជំទាវរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះកំណើននៃការគំរាមកំហែង មកលើបទឈប់បាញ់ដែលផុយស្រួយ ដោយលើកឡើងពីសកម្មភាពកំពុងប្រព្រឹត្តនានារបស់កងទ័ពថៃ រួមមាន ការចល័តទ័ព ការធ្វើផ្លូវនិងជីកលេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការប្រើប្រាស់ដ្រូនរំលោភ ចូលមកក្នុងដែនអាកាសកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការរាយលួសបន្លា និងដាក់របាំងផ្សេងៗ។ សកម្មភាពទាំងនេះបានរារាំងអ្នកភូមិកម្ពុជា មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន។
ដោយអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះបទឈប់បាញ់ លោកជំទាវ អ៊ាត សោភា បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការ បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់ឱ្យបានឆាប់នៃលក្ខខណ្ឌប្រតិបត្តិ និងបានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាដែលថា ពុំមានព្រំដែនអន្តរជាតិណាត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ ព្រមទាំងបានជំរុញដល់ប្រទេសថៃឱ្យគោរព និងអនុវត្តឱ្យបាន ពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់នេះ និងដោះស្រាយវិវាទព្រំដែន ដោយផ្អែកតាមច្បាប់អន្តរជាតិ។
លោកជំទាវ អ៊ាត សោភា បានបដិសេធដាច់អហង្ការលើការចោទប្រកាន់ទាំងឡាយដែលថា កម្ពុជាបាន ដាក់មិនថ្មី ដោយបានបញ្ជាក់ឡើងវិញពីការប្រកាន់ភ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ា និង ការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង។
លោកជំទាវបានអះអាងអំពីការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចាប់ ផ្តើមប្រតិបត្តិការដោះមីនរួមគ្នាជាមួយប្រទេសថៃ នៅតំបន់ដែលមានខណ្ឌសីមាច្បាស់លាស់ ឬតំបន់មិន មានវិវាទ ដោយសង្កត់ធ្ងន់ថា នៅតំបន់មានវិវាទ ការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥ គឺមានភាពចាំបាច់។ ការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់ធានាបាននូវសន្តិភាព និងស្ថេរភាព និងសម្រាប់បង្កើតលក្ខខណ្ឌ ចាំបាច់នានា សម្រាប់គណៈកម្មការចំរុះកិច្ចការព្រំដែនស្តីពីការខ័ណ្ឌសីមាព្រំដែនគោក បន្តការងាររបស់ខ្លួន នៅលើដីជាក់ស្តែង។
លោកជំទាវក៏បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំពិសាតែ ដែលបានរៀបចំធ្វើនៅក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន និងថៃ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជានិងថៃ បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការចូលរួម ធ្វើឱ្យប្រសើរឡើងនូវការ ទំនាក់ទំនង និងធ្វើការងារឆ្ពោះទៅរកការបន្តនៃទំនាក់ទំនងជាប្រក្រតីដូចកាលពីដំបូង និងការស្តារស្ថេរភាព តាមបណ្តោយព្រំដែន។
លោកជំទាវបានសម្តែងអំណរគុណដល់ប្រទេសចិន ចំពោះការកោះប្រជុំដ៏មាន សារៈសំខាន់នេះ និងចំពោះការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបន្តដើរតួនាទីស្ថាបនា ជាពិសេសការជួយដល់ ការដោះមីននៅតាមតំបន់ព្រំដែន ដែលឯកភាពដោយប្រទេសកម្ពុជា និងថៃ៕
ចែករំលែកព័តមាននេះ