ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ហើយម្នាក់ទៀតរត់គេចខ្លួន ខណៈដែលជិះម៉ូតូដែលលួចបានពីខេត្តកណ្តាល ហើយដោះកន្ទុយរ៉ឺម៉កចេញ ឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងអាយុ៣ឆ្នាំ ម្តាយក្មេងតូចស្រែកថាចោរៗ ផ្អើលឈុលជាប់ខ្នោះបានសម្រេច។
ហេតុការណ៍ឃាត់ខ្លួនយុវជនឆក់ទូរស័ព្ទបានម្នាក់កាលពីវេលាម៉ោង០១និង៤៥នាទីរសៀល
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នៅក្នុងភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ កាលពីវេលាម៉ោង០១និង៤៤នាទី មានឈ្មោះ ម៉ាន់ សុផាន់ម៉ៃ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង បានជិះម៉ូតូ ១គ្រឿង ម៉ាក ប៊ីត ពណ៌ក្រហមលាយសរ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខកំពង់ស្ពឺ 1R.7495 បានឌុបកូនឈ្មោះ នី ចិត្រា ភេទប្រុស អាយុ៣ឆ្នាំ មកទិញម្ហូបនៅផ្ទះរបស់ឈ្មោះ សូ សើ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិជាមួយគ្នា ហើយបានឱ្យកូនតូចកាន់ទូរស័ព្ទ១ គ្រឿង ម៉ាករៀលមី ( realme ) ពណ៌ខៀវ ដែលមានលេខ016 35 25 36 កាន់លេងអង្គុយលើម៉ូតូ។
ពេលនោះក៏ស្រាប់តែមានជនសង្ស័យចំនួន ២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកវ៉េវ មកពីទិសខាងលិច បានធ្វើសកម្មភាពឆក់យកទូរស័ព្ទខាងលើពីក្មេងតូច ឃើញដូចនោះម្តាយក៏បានស្រែកថាចោរៗ ក៏មានការភ្ញាក់ផ្អើល មានប្រជាពលរដ្ឋក្នុងភូមិបានតាមឃាត់ជនសង្ស័យបានម្នាក់ ឈ្មោះ ចិន្តា ភត្រា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមកនពិតប្រាកដ ស្នាក់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
នគរបាលស្រុកសំរោងទងបានបន្តថា ក្រោយពេលឃាត់យុវជនសង្ស័យខាងលើ នគរបាលធ្វើការសាកសួរ យុវជនសង្ស័យខាងលេីបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់យកទូរស័ព្ទ ខាងលើជាមួយបក្ខពួកម្នាក់ទៀតមានឈ្មោះ ម៉ឹក ភេទប្រុស អាយុប្រមាណ ៣៥ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (កំពុងរត់គេចខ្លួន )ហើយចំពោះម៉ូតូជិះធ្វើសកមកមភាពខ្លួនបានលួចដោយមានសណ្ដោងរឺម៉ក នៅក្នុងភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល រយ:ពេលកន្លះខែមុនមកម្លេះ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនយុវជនសង្ស័យខាងលើ ជំនាញ
ដកហូតម៉ូតូ០១គ្រឿង ម៉ាកវ៉េវ (ដែលជនសង្ស័យជិះធ្វេីសកម្មភាពកន្ទុយរឺម៉ក១ និង ទូរស័ព្ទ ១គ្រឿង (របស់ជនរងគ្រោះ) ។
បច្ចុប្បន្នយុវជនសង្ស័យ រួមជាមួយនិងវត្ថុតាងខាងលើ នគរបាលជំនាញស្រុកកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ