ខេត្តបាត់ដំបង ៖ ចាប់តាំងច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទាំងស្រុង រហូតមកដល់ពេលនេះ សត្វកណ្ដូបចិញ្ចឹមរបស់កសិករខ្មែរ ហាក់រក្សាបាននូវតំលៃទីផ្សារកាន់តែល្អជាងមុន ។ នេះបើតាមការលើកឡើងរបស់កសិករចិញ្ចឹមកណ្ដូបនៅស្រុកភ្នំព្រឹក កាលពីសប្ដាហ៍មុននេះ ។

នៅចំពោះមុខកសិដ្ឋានចិញ្ចឹមសត្វកណ្ដូបដ៏វែងអន្លាយ អ្នកស្រី យន់ ឡៃហន អាយុ៣៧ឆ្នាំ បាននិយាយដូច្នេះថា «តំលៃកណ្ដូបចិញ្ចឹមនៅពេលនេះ មានទីផ្សារល្អជាងមុន» ។ គាត់និយាយថា កាលមិនទាន់បិទច្រកទ្វារព្រំដែន មានសត្វកណ្ដូបនាំចូលមកពីប្រទេសថៃផង ។ រីឯសត្វកណ្ដូបខាងខ្មែរ ក៏មាននាំចេញទីប្រទេសថៃវិញដូចគ្នាដែរ (នាំទៅ នាំមក)។ ដូច្នេះ ធ្វើឲ្យតំលៃទីផ្សារសត្វកណ្ដូបមិនសូវស្ថិតស្ថេរ (ឡើងចុះមិនទៀង) ។ ប៉ុន្តែក្រោយពីប្រទេសទាំងពីរផ្ទុះជម្លោះប្រដាប់អាវុធជាមួយគ្នា ហើយច្រកទ្វារព្រំដែនត្រូវបានបិទជិតឈឹងបែបនេះ ស្រាប់តែតំលៃសត្វកណ្ដូបរបស់កសិករក្នុងស្រុក ហាក់មានសន្ទុះឡើងគួរសម ។

ចំពោះទីផ្សារសត្វកណ្ដូបបច្ចុប្បន្ននេះ ស្វាមីរបស់អ្នកស្រី គឺលោក រឿន សារិន ដែលជាអ្នកដឹកជញ្ជូនផ្ទាល់ទៅកាន់ទីផ្សារក៏បានទទួលស្គាល់ថា តំលៃសត្វកណ្ដូបចិញ្ចឹមនាបច្ចុប្បន្ននេះ ពិតជាហក់ឡើងខ្ពស់ជាង មិនទាន់បិទព្រំដែនខ្មែរ-ថៃពិតប្រាកដមែន ។ លោកសារិន បានប្រាប់ដូច្នេះថា «សត្វកណ្ដូបបច្ចុប្បន្ន មានទីផ្សារធំនៅតំបន់ប៉ោយប៉ែត ។ សត្វកណ្ដូបខែ្មរយើង មានលក់ចេញទៅស្រុកសៀមផង រីឯកណ្ដូបស្រុកសៀម ក៏មាននាំចូលមកខ្មែរយើងវិញដែរ ។ កាលនោះតំលៃមិនទៀងទាត់ទេ» ។

បើតាមអ្នកចិញ្ចឹមកណ្ដូបរូបនេះបានបញ្ជាក់ថា កាលមិនទាន់បិទព្រំដែន ថ្ងៃខ្លះតំលៃកណ្ដូបលក់បាន២០,០០០រៀល ឬ២២,០០០រៀលក្នុងមួយគីឡូក្រាម ។ ប៉ុន្តែក្រោយពីបិទបន្ទាត់ព្រំដែន សព្វថ្ងៃនេះ តំលៃកណ្ដូបខ្មែរ ហក់ឡើងរហូត២៥,០០០រៀល ក្នុងមួយគីឡូក្រាម ឬលើសពីនេះ ។ ពោល៖ តំលៃឡើងចុះទៅតាមរដូវកាល ។ លោក រឿន សារិន បានលើកឡើងថា បច្ចុប្បន្ន លោកចិញ្ចឹមកណ្ដូបលក់ខ្លួនឯងផង ដើរប្រមូលទិញពីកសិករចិញ្ចឹមនៅតាមមូលដ្ឋានផង ដើម្បីដឹកយកទៅលក់បន្តនៅលើទីផ្សារធំ ។

លោកថា ទីផ្សារធំមាននៅតំបន់ប៉ោយប៉ែត នៅតាមបណ្ដាខេត្តនានា និងរាជធានីភ្នំពេញ សុទ្ធតែបានកុម្ម៉ង់ទិញទាំងអស់ ហើយសព្វថ្ងៃនេះ លោករកកណ្ដូបលក់ស្ទើរមិនគ្រប់តម្រូវការអ្នកកុម្ម៉ងទិញ ។ បច្ចុប្បន្ន អ្នកស្រី យន់ ឡៃហន និងស្វាមី ដែលជាអ្នកចិញ្ចឹមកណ្ដូបផង និងជាឈ្មួញកណ្ដាលប្រមូលទិញកណ្ដូបផង មានកន្លែងចិញ្ចឹមសត្វកណ្ដូបនេះចំនួន២៤រោង ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។

លោក រឿន សារិន បានប្រាប់ថា កណ្ដូបចិញ្ចឹមរបស់លោកចាប់លក់វិលជុំ ។ ចិញ្ចឹមរយៈចន្លោះពី៤០ថ្ងៃ ទៅ៤៥ថ្ងៃ បានចាប់លក់ហើយ ។ ដោយសារលោកចិញ្ចឹមច្រើនរោង។ ដូច្នេះ យ៉ាងយូរក្នុងមួយសប្ដាហ៍លោកអាចចាប់លក់ម្ដង ។

គេសង្កេតឃើញប្រជាពលរដ្ឋកាន់តែច្រើន នៅភាគខាងលិចខេត្តបាត់ដំបង តាមបណ្ដោយព្រំដែនខ្មែរ-ថៃ ហាក់មានការចាប់អារម្មណ៏កាន់តែច្រើន ក្នុងការចាប់យកមុខរបរចិញ្ចឹមសត្វកណ្ដូបលក់ ដែលមុខរបរនេះ គេចេះតៗគ្នាយ៉ាងងាយស្រូលបំផុត ។ ទីកន្លែងដែលសំបូរកសិករចិញ្ចឹមសត្វកណ្ដូបនេះច្រើនជាងគេ គឺគេសង្កេតឃើញមាននៅក្នុងស្រុកភ្នំព្រឹក ។ បើតាមប្រវត្តិនៃការចាប់មុខរបរចិញ្ចឹមសត្វកណ្ដូបនេះ កសិករនៅស្រុកភ្នំព្រឹក ហាក់ស្ទុះស្ទារមុនគេ ហើយបន្តបន្ទាប់គេឃើញមានចិញ្ចឹមនៅតាមបណ្ដាស្រុកផ្សេងៗទៀត ។

សព្វថ្ងៃមុខរបរការចិញ្ចឹមសត្វកណ្ដូបលក់ ហាក់កំពុងផុសផុលសម្បើមណាស់ ដោយសារតែមុខរបរនេះងាយស្រួលចិញ្ចឹម និងថែទាំ ហើយមានទីផ្សាររហូត បើទោះជាលក់ក្នុងតំលៃទាប ក៏សត្វកណ្ដូបមិនសល់អេនៅក្នុងទ្រុងដែរ ៕







ចែករំលែកព័តមាននេះ