ក្ដៅៗបង្ក្រាបបានហើយ ! ក្រុមចោរប្លន់ប្រដាប់អាវុធនៅការ៉ាសសាំង PTT ក្រុងប៉ោយប៉ែត គឺជាជនជាតិប៉ាគីស្ថាន ២នាក់ត្រូវបានចាប់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមប្រភព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួន ។

កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ៤ និង ១៧នាទី ទាបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើងនៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យមួយក្រុមជិះរថយន្ត ១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានធ្វើសកម្មភាពយកអាវុធខ្លីភ្ជង់ និងបាញ់គំរាម ហើយឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំង ។ សម្ភារបាត់បង់រួមមាន ៖ កាបូបស្ពាយចំនួន ១ ក្នុងនោះមានលុយសរុបជិត ៣០០០ដុល្លារ) ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ ។

លុះនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៤ និង ៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន ៖
១. ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន
២. ឈ្មោះ ALI HASSAN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន ឃាត់ខ្លួនត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ពួកខ្លួនមានគ្នាចំនួន ៣នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួន ១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយ នៅចំណុចការ៉ាសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងតាមនីតិវីធី និងកំពុងស្រាវជ្រាវជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ