ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង Online Scams មួយនៅ​បឹង​កេងកង សង្គ្រោះ​ជនជាតិ​ជប៉ុន និង​ឃាត់ខ្លួន​ជនបរទេស១៦​នាក់

1 នាទី មុន

រាជធានីភ្នំពេញ ​៖ អនុវត្ត​តាម​បទបញ្ជា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង…

រាជធានីភ្នំពេញ ​៖ អនុវត្ត​តាម​បទបញ្ជា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្ស័យ​បង្ខាំង​មនុស្ស​ខុសច្បាប់​មួយ​កន្លែង នៅ​អគារ​ខុន​ដូ ប្រូ​វេន (PROVANCE) ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង នេះបើយោងតាមលេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោយ​ទទួល​បាន​បណ្តឹង​តាម​រយៈ​លេខ​ទូរ​សព្ទ ​Hotline និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​រក​ឃើញ​បទល្មើស​ចំនួន ៣ ករណី រួម​មាន​ ៖

ករណី​ទី​១ ៖ សមត្ថកិច្ច​បាន​សង្គ្រោះ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​គេ​អូស​ទាញ​មក​ពី​ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​ជួញដូរ​បន្ត​ទៅ​គោលដៅ​ផ្សេង​ ។

ករណី​ទី​២ ៖ ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន ៤នាក់ និង​ដកហូត​សម្ភារៈ​បច្ចេកទេស​ជា​ច្រើន រួម​មាន​៖ ទូរស័ព្ទ​ដៃ ១២៧ គ្រឿង​, CPU ២ គ្រឿង​, Monitor ២ គ្រឿង និង​កុំព្យូទ័រ All In One ៤ គ្រឿង​។ តាម​រយៈ​ការ​ធ្វើ​កោសល្យវិច័យ បង្ហាញ​ថា​ ពួក​គេ​បាន​បង្កើត “​ស្ទូ​ឌី​យោ​ក្លែងក្លាយ​” និង​ក្លែង​អត្តសញ្ញាណ ដើម្បី​ធ្វើ​សកម្មភាព​ឆបោក​តាម Online ​។

ករណី​ទី​៣ ៖ រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ សរុប​ចំនួន ១២នាក់ (​ប្រុស​) ដែល​មាន​សញ្ជាតិ​ចិន និង​វៀតណាម​។

បច្ចុប្បន្ន វត្ថុ​តាង និង​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ និង​ចាត់វិធានការ​តាម​ជំហាន​បន្ទាប់ ​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​បង្ក្រាប​បទល្មើស​នេះ​ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ​។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ច្បាប់​មាន​ហើយ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្ធូរ​ដៃ និង​ដោយ​គ្មាន ការ​លើកលែង​ឡើយ ពោល​គឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ ដូចដែល​មាន​មតិ​មួយ​ចំនួន បាន​លើក​ឡើង​នោះ​ឡើយ​។

សូម​រម្លឹក​ថា ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៦ ខែមេសា និង​បាន​កំពុង​អនុវត្តន៍​ចាប់តាំងពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៦ មក​។

ជាមួយ​ច្បាប់​នេះ បទ ល្មើស ព្រហ្មទណ្ឌ​ថ្មី ចំនួន​៥ ត្រូវ​បាន បង្កើត​ឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ អនុវត្ត គឺ​រួម​មានៈ ១- បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ២- បទ​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៣- បទ​ជ្រើសរើស ឬ​បណ្តុះបណ្តាល អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្ត​អំពើ​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា ៤- បទ​ប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ ឬ​ឯកសារ ព័ត៌មាន​ផ្ទាល់ខ្លួន​នានា​របស់​អ្នក​ដទៃ និង​៥- ការ បង្កើត ទម្រង់​ពិសេស​នៃ​បទល្មើស​សម្អាត​ប្រាក់​។ បទល្មើស​ទាំងនេះ​បាន​កំណត់​ដាក់ទោស ជនល្មើស ត្រូវ​ប្រឈម​នឹង​ការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុត​រហូត ដល់ ១ ជីវិត និង ពិន័យ​ជា​ប្រាក់ ដល់ ទៅ ១ ០០០ លាន​រៀល ថែម​ទាំង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនល្មើស ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ