សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពរទេស មហារីកក្រពះគឺជាឃាតករស្ងៀមស្ងាត់ដែលមានអត្រាស្លាប់ខ្ពស់បំផុតមួយ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភគឺទម្លាប់នៃការហូបចុកប្រចាំថ្ងៃរបស់យើងភាគច្រើន បែរជាក្លាយជាអ្នកផ្ដល់កម្លាំងឱ្យកោសិកាមហារីកលូតលាស់ទៅវិញ។
តាមការព្រមានរបស់អ្នកជំនាញវេជ្ជសាស្ត្រ ការនិយមទទួលទានអាហារដែលមានជាតិប្រៃខ្លាំង អាហារផ្អាប់ ជ្រក់ ឬត្រីសាច់ងៀតដែលសម្បូរជាតិអំបិល គឺជាកត្តាចម្បងដែលបង្កការខូចខាតដល់ភ្នាសក្រពះ និងបង្កើតសារធាតុពុលបង្កមហារីកក្នុងរយៈពេលវែង។ ក្រៅពីនេះ ការញ៉ាំអាហារអាំងដែលខ្លោចខ្មៅក្នុងសីតុណ្ហភាពខ្ពស់ ក៏ជាប្រភពនៃសារធាតុគីមីគ្រោះថ្នាក់ដែលជំរុញឱ្យមានការប្រែប្រួលកោសិកាក្រពះយ៉ាងឆាប់រហ័សផងដែរ។
កង្វះការទទួលទានបន្លែនិងផ្លែឈើស្រស់ ក៏ធ្វើឱ្យរាងកាយបាត់បង់របាំងការពារធម្មជាតិពីសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនាំឱ្យប្រព័ន្ធរំលាយអាហារងាយរងការវាយប្រហារពីមេរោគផ្សេងៗ ជាពិសេសបាក់តេរី។ បន្ថែមលើនេះ ការសេពគ្រឿងស្រវឹងជាប់ជាប្រចាំ រួមផ្សំនឹងការជក់បារី នឹងរឹតតែបង្កើនហានិភ័យកើតមហារីកក្រពះទ្វេដង បើធៀបនឹងអ្នកដែលមានរបៀបរស់នៅសុខភាពល្អ។
ដើម្បីការពារជីវិតពីជំងឺកាចសាហាវនេះ អ្នកជំនាញណែនាំឱ្យកាត់បន្ថយការញ៉ាំប្រៃ ជៀសវាងអាហារខ្លោច និងត្រូវបង្កើនការញ៉ាំបន្លែស្រស់ឱ្យបានច្រើន រួមជាមួយការពិនិត្យសុខភាពតាមដានជាទៀងទាត់ ទើបជាជម្រើសដ៏ឆ្លាតវៃបំផុត៕
ចែករំលែកព័តមាននេះ