រាជធានីភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សាងសង់បាន២០%ហើយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការបានឲ្យដឹង នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សាងសង់បាន២០%ហើយគ្រោងបញ្ចប់ការសាងសង់អំឡុងឆ្នាំ២០២៨ ។

អ្នកនាំពាក្យបានលើកឡើងទៀតថា ស្ពាននេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។

ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ។

សូមជម្រាបជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយស្ពាន និងផ្លូវក្បាលស្ពាន ប្រវែងសរុប៣៧០០ម៉ែត្រ , តួស្ពានប្រវែង១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ) ។

ផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែង២១០០ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) ។ រយៈពេលសាងសង់ចំនួន៤៨ខែ(គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨) ៕
ចែករំលែកព័តមាននេះ