រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះថា ៖ «ខ្ញុំសូមពន្យល់បច្ចេកទេសបន្តិចថា តាមរយៈការដាក់បង្ហាញ គ្រាប់មីន PMN-2 នៅក្នុងទស្សនកិច្ចរបស់ប្រតិភូបរទេស ប្រមាណ៣៣ប្រទេស និងដៃគូមួយចំនួន ដែលរៀបចំដោយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ នាពេលកន្លងទៅនេះ មានគ្រាប់មីនមួយភាគធំ ដែលមិនទាន់បានដកគន្លឹះ ដើម្បីឱ្យវាផ្ទុះទេ ហើយគន្លឹះនេះក៏មិនអាចយកមកតវិញបានដែរ! ដូច្នេះយើងក៏អាចចោទជាសំណួរដ៏សាមញ្ញមួយថា បើដាក់មីន គឺដើម្បីឱ្យជាន់ផ្ទុះ បើដាក់មិនដកគន្លឹះឱ្យជាន់ផ្ទុះផង តើដាក់ដើម្បីអ្វី ?
មីន PMN-2 ត្រូវបានផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលវិវត្តពីការផលិតមីន PMN នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ កម្ពុជាបាននាំចូលមីននេះក្នុងសម័យសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៨០ ហើយបន្ទាប់ពីកម្ពុជា មានសន្តិភាពមក យើងបានយើងបានកម្ទេចមីននេះនៅឆ្នាំ១៩៩៩ និងប្រកាសជាផ្លូវការថា យើងអស់មីនពីស្តុកហើយ ហើយមានអន្តរជាតិ ដឹងឮ ពីករណីនេះច្បាស់លាស់ផងដែរ ។
ខ្ញុំអាចបញ្ជាក់បានថា មីន ដែលថៃបង្ហាញនោះ គឺជាមីនថ្មី ប៉ុន្តែមិនមែនជាមីន ដែលយកចេញពីចំការមីននោះទេ ព្រោះបើសិនជាមីនយកចេញពីចំការមីនមែន មីននោះ នឹងត្រូវដោះគន្លឹះហើយ។ ក្នុងលក្ខណៈបច្ចេកទេស មីន ដែលមិនទាន់ដកគន្លឹះ យើងអាចដឹកជញ្ជូនបាន តែនេះថៃ ដឹកជញ្ជូនទាំងកេសយកមកបង្ហាញ» ៕


ចែករំលែកព័តមាននេះ