ខេត្តប៉ៃលិន ៖ ក្រោយពីមានករណីក្មេងទំនើង១ក្រុម ចំនួន៥នាក់ បានធ្វើសកម្មភាព ជិះម៉ូតូចំនួន៣គ្រឿង មានអ្នកខ្លះទាញយកមួកសុវត្ថិភាព និងខ្លះទៀតដកយកខ្សែក្រវាត់ វាយទៅលើយុវជនម្នាក់ ដែលកំពុងជិះម៉ូតូនៅលើដងផ្លូវជាតិលេខ៥៧ ចំកណ្តាលក្រុងប៉ៃលិន រួចនាំគ្នាជិះម៉ូតូគេចខ្លួន ត្រូវបានកម្លាំងនគរបាល នៃអធិការក្រុងប៉ៃលិន ធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០២នាក់ ខណៈដែល០៣នាក់ទៀត កំពុងរត់គេចខ្លួននៅខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៦ និង០២នាទីល្ងាច មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស០១ករណី បង្កឡើងដោយក្មេងទំនើងមួយក្រុម នៅចំណុចលើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ ជនរងគ្រោះឈ្មោះ រ៉ា យូឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ចំណែកជនសង្ស័យទាំង៥នាក់ ៖
ទី១- ឈ្មោះ រ៉េត សុវណ្ណារិទ្ធ ហៅ សាក់ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាជនដៃដល់វាយនឹងខ្សែក្រវាត់ (ឃាត់ខ្លួន)។
ទី២- ឈ្មោះ ថន សុភុត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកឌុប (ចាប់ឃាត់ខ្លួន)។
ទី៣- ឈ្មោះ ទ្រាវ ពិសែន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ជាជនដៃដល់វាយនឹងមួកសុវត្ថិភាព (រត់គេចខ្លួន)។
ទី៤- ឈ្មោះ ឈុន កូម៉ុន ហៅជូមិញ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង០២នាក់ រស់នៅភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បក្ខពួក (រត់គេចខ្លួន)។
ទី៥- ឈ្មោះ រស់ ភេទប្រុស អាយុ១៨ឆ្នាំ ជាងឡាន រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាជនដៃដល់វាយ និងធាក់ជនរងគ្រោះ(រត់គេចខ្លួន)។
លោកបានបន្តទៀតថា កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៦ និង០០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូចេញពីរៀនភាសាអង់គ្លេស នៅសាលាឯកជនខ្មែរ អន្តរជាតិ ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លុះដល់ពេលជិះទៅដល់មុខហាងលក់ម៉ូតូម្ចាស់ឈ្មោះ ទូច ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រាប់តែជនសង្ស័យទាំងនោះ បានជិះម៉ូតូមកកាក់ពីមុខ និងពីក្រោយ។ ស្របពេលនោះដែរ ឈ្មោះ ទ្រាវ ពិសែន ជាជនដៃដល់បានយកមួកសុវត្ថិភាព ពណ៌ខ្មៅវាយទៅលើក្បាលជនរងគ្រោះ ហើយឈ្មោះ រ៉េត សុវណ្ណារិទ្ធ ដែលជាជនដៃដល់យកខ្សែក្រវាត់ពណ៌ស វាយទៅលើជនរងគ្រោះជាច្រើនដង រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនអស់ ។
បើតាមការបំភ្លឺពីជនរងគ្រោះបានឱ្យដឹងដែរថា រូបគេពុំដែលធ្លាប់មានជំនាស់ទាស់ទែងគ្នាជាមួយក្រុមជនបង្កទាំងនោះមួយចំនួន ។
ទោះបីជាយ៉ាងណា ក្រោយពេលកើតហេតុ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋប៉ៃលិន និងបយ៉ាខា ចុះស៊ើបអង្កេត និងស្រាវជ្រាវកំណត់មុខសញ្ញាបានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៨ និង៣០នាទីព្រឹក កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉េត សុវណ្ណារិទ្ធ នៅផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរបន្ថែម ។
ក្រោយពេលធ្វើការសាកសួររួចរាល់ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេ និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សា (វាយទៅលើជនរងគ្រោះដោយមួកសុវត្ថិភាព និងខ្សែក្រវាត់ ពិតប្រាកដមែន) ។
លើសពីនេះ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៨ និង៣០នាទីព្រឹក កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបា លប៉ៃលិនបាន ចុះទៅឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះ ថន សុភុត ភេទប្រុស នៅផ្ទះរបស់ម្ដាយ ខ្លួនស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបានកំពុងសហការជាមួយកម្លាំងពាក់ព័ន្ធធ្វើការស្រាវជ្រាវស្វែងរកបន្ត ចំពោះជនបង្កចំនួន០៣នាក់ទៀត ដែលបានរត់គេចខ្លួន។
បើតាមពាក្យបណ្តឹងរបស់ម្តាយយុវជនរងគ្រោះ ដែលបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសំណូមពរឱ្យសមត្ថកិច្ច ចាត់ការចំពោះជនបង្កទៅតាមនីតិវិធីច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន៤,០០០,០០០រៀល ៕






ចែករំលែកព័តមាននេះ