រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសនាមុននេះបន្តិចថា បានរកឃើញថា ពិតជាមានការបន្លំបិតបាកូដ លើផលិតផលប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។
មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថា ពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន ។

តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋាន ស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន២០៥កេស ក្នុងនោះបិតរួចមានចំនួន១៤៤កេស និងមិនទាន់បិត មានចំនួន៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក់ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ ។

ជាវិធានការបន្ទាន់របស់ក្រុមការងារ ៖
១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅលក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។
២. តម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្ត្រី ក.ប.ប.។
៣. មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ៕


ចែករំលែកព័តមាននេះ