ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង6នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារត្រូវរថយន្តវ៉េអងមួយគ្រឿង ស្របពេលមេឃកំពុងភ្លៀង ព្យាយាមចាប់ហ្វាំង ធ្វើឱ្យរអិល ក៏រេចង្កូតបុកចូលផ្ទះអ្នកស្រុកដែលនៅជាប់ផ្លូវ ក្នុងពេលដែលជនរងគ្រោះកំពុងអង្គុយនៅក្នុងផ្ទះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គ្រូឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង 4 និង 30នាទីល្ងាចថ្ងៃទី 15 សីហា នៅតាមបណ្ដោយផ្លូវជាតិលេខ 310 ត្រង់ចំណុចឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តវ៉េអងមួយគ្រឿង ពាក់ស្លាកលេខត្បូងឃ្មុំ 4A 0051 ដឹកស៊ីម៉ងត៍ពេញរថយន្ត ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ដោយសារតែមេឃកំពង់ភ្លៀង រថយន្តព្យាយាមចាប់ហ្វាំង ក៏ធ្វើឱ្យរអិលរេចង្កូតបុកចូលផ្ទះអ្នកស្រុកនៅជាប់ផ្លូវ ដែលផ្ទះនោះធ្វើពីស័ង្កសី មានទំហំ 4 ម៉ែត្រគុណ 5 ម៉ែត្រ ។ ដោយរថយន្តបានកិនផ្ទះរៀបដល់ដី ហើយមនុស្សក្នុងផ្ទះស្លាប់ចំនួន 3 នាក់ ក្នុងនោះមនុស្សចាស់ពីរនាក់ កនុងក្មេងស្រីអាយុ 8 ឆ្នាំម្នាក់ ចំណែក 6 នាក់ផ្សេងទៀតមានក្មេងចាស់ប្រុសស្រីបានរងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ចំណែកអ្នកភូមិបានផ្អើលមកចោមរោមមើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានជួយទាញយកក្មេងប្រុសម្នាក់ចេញពីក្រោមរថយន្តនិងដឹកយកជនរងគ្រោះទាំង 6 នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១-ឈ្មោះ ប៉ែន ចេន ភេទប្រុសអាយុ 77 ឆ្នាំ ជាប្តី ទី 2-ឈ្មោះ ជា ហម ភេទស្រីអាយុ 75 ឆ្នាំជាប្រពន្ធ និងទី 3-ឈ្មោះ ចេន ចននីតា ភេទស្រី អាយុ 8 ឆ្នាំជាចៅ ។ អ្នកទាំងបីមានទីលំនៅឯខេត្តតាកែវ។ ថ្ងៃកើតហេតុនោះ ពួកគាត់បាននាំគ្នាមកលេងកូន នៅផ្ទះកើតហេតុហើយពេលកំពុងអង្គុយជជែកគ្នាលេងនៅក្នុងផ្ទះសុខៗ ក៏ត្រូវរថយន្តបុកចូលកិនស្លាប់តែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តតាកែវ ចំណែកជនរងគ្រោះ 6 នាក់ទៀត អ្នកខ្លះព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង និងខ្លះទៀតត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញ ៕







ចែករំលែកព័តមាននេះ