ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​ដើរដង្ហែរ​ក្បួន​ ដើម្បី​សន្តិភាព និង​គាំទ្រ​បទ​ឈប់​បា.ញ់រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ

10 ម៉ោង មុន
  • ព្រៃវែង

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង និង​លោក​ជំទាវ ជុន ប៉ូ​រ៉ា​នី…

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង និង​លោក​ជំទាវ ជុន ប៉ូ​រ៉ា​នី បាន​អញ្ជើញ​ជា​គណ​:​ធិ​បតី​ដង្ហែរ​ក្បួន​ថ្មើរជើង​ដែល​មាន​ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១​ម៉ឺន​នាក់​ដង្ហែរ​ក្បួន​គណៈ​ធម្ម​យាត្រា​លើ​ការ​គាំទ្រ​បទ​ឈប់​បាញ់​រវាង កងទ័ព​កម្ពុជា នឹង​កងទ័ព​ថៃ អរគុណ​សន្តិភាព កម្ពុជា​ត្រូវការ​សន្តិភាព​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្ដម សួន សុ​ម៉ា​លី​ន បាន​ថ្លែង​ថា ថ្ងៃនេះ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក​ពារាំង ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ហែរ​ក្បួន និង​ធម្ម​យាត្រា គាំទ្រ​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុជា និង​ថៃ​។

ឯកឧត្តម​អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វីរ​កងទ័ព​ជួរ​មុខ​ដ៏​អង់អាច​ក្លាហាន ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការ​ទទួលខុសត្រូវ ក្នុង​កិច្ចការ​រក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់​នៅ​តាម​ព្រំដែន មាន​ភាពល្អ​ប្រសើរ​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ជា​ការ​ពិត​ណាស់ ការ​រៀបចំ​ក្បួន​ដង្ហែ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្មារតី ស្នេហា​ជាតិ សាមគ្គី ឯកភាព​ជាតិ ជា​ពិសេស​បង្ហាញ​ពី​ឆ​ន្ទះ​ទៅ​កាន់​ពិភពលោក​ទាំងមូល​ពី​ការ​ស្រលាញ់​សន្តិភាព​របស់​ប្រជាជន​កម្ពុជា​។ តាម​រយៈ​សកម្មភាព​ជា​ស្មារតី​ជាតិនិយម ឆន្ទៈ​មនសិកា ការ​រួបរួមសាមគ្គី​គ្នា នា​ថ្ងៃនេះ ប្រជាជន​ខ្មែរ សូម​បង្ហាញ និង​ចែករំលែក​ទៅ​កាន់​ពិភពលោក​ថា កម្ពុជា​ស្រលាញ់​សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace) ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម សួន សុ​ម៉ា​លី​ន បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កំពុង​កើត មាន​ប្រកបដោយ​ចក្ខុវិស័យ និង​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​, សូម​បន្ត​ចូលរួម​រក្សា​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ដើម្បី​រួម​គ្នា​ការពារ​សន្តិភាព និង ភាព​រីក​ចម្រើន​សម្បូរ​សប្បាយ​, យើង​ទាំងអស់​គ្នា នៅ​ជួរ​ក្រោយ​នៅ​តែ​បន្ត​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ជូន​សមរភូមិ​ជួរ​មុខ ទោះ​ក្នុង តម្លៃ​ណា​ក៏​ដោយ យើង​នៅ​តែ​រួមរស់​ជាមួយ​កងកម្លាំង​សមរភូមិ​មុខជា​និច្ច​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ការ​ដង្ហែរ​ក្បួន​ថ្មើរជើង​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុងស្រុក​ពារាំង​ដែល​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​8A​បាន​ចូលរួម យ៉ាង​សស្រាក់សស្រាំ​ដោយ​មានការ​ចែក​ជូន​ទឹកបរិសុទ្ធ និង​នំចំណីរ​ជា​ច្រើន​ផង​ដែរ ទាំង​អស់នេះ​សរ​បញ្ជាក់​អោយ​ឃើញ​ថា​ជា​ការ​រួបរួម​សាមគ្គីភាព​មួយ​ដែល​គួរ​អោយ​កំ​សំគាល់ថា(​ខ្មែរ ស្រលាញ់​ខ្មែរ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ