រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទាំងទស្សនកិច្ចផ្ទាល់របស់ឯកឧត្តម និងអនុព័ន្ធយោធាឥណ្ឌូណេស៊ី ទៅតំបន់រងគ្រោះដោយការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ក៏ដូចជា របាយការណ៍ទទួលបានពីក្រសួងការបរទេសកម្ពុជា ស្ថានទូតឥណ្ឌូណេស៊ីបានរាយការណ៍ទៅក្រសួងការបរទេសឥណ្ឌូណេស៊ីក្នុងទីក្រុងហ្សាការតា ដើម្បីធ្វើយ៉ាងណាជំរុញបន្ថែមដល់កម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ការថ្លែងនេះរបស់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាឱកាសស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិលើកទី៨០ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានថ្លែងថា បន្ទាប់ពីទទួលបាននូវព័ត៌មាន ក៏ដូចជាការចុះទៅទីតាំងផ្ទាល់នៃតំបន់រងគ្រោះដោយសារកងទ័ពថៃឈ្លានពានមកលើកម្ពុជា យើងបានទទួលព័ត៌មានទាក់ទងទៅនឹងការវិវឌ្ឍបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយ យើងខ្ញុំតែងធ្វើរបាយការណ៍ទៅខាងភាគីឥណ្ឌូណេស៊ី ដើម្បីផ្ដល់នូវគំនិតផ្សេងៗក្នុងការធ្វើយ៉ាងណាជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ថៃ និងផ្ដល់នូវការគាំទ្របទឈប់បាញ់ទ្វេភាគីផងដែរ។
គួររំឭកជូនថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំឯកអគ្គរដ្ឋ/រាជទូត និងតំណាងស្ថានទូត ចំនួន ២២ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន ៤ ដើម្បីចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹកនៅក្នុងខេត្តផងដែរ។
ទន្ទឹមនឹងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕
ចែករំលែកព័តមាននេះ