ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចេញនូវ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល ស្តីពីចំណាត់ការលើសំណុំរឿង ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីML ស្ថិតក្នុងភូមិកំពង់ សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានប្រើប្រាស់គណនី TikTok ឈ្មោះ លោកជំទាវឧកញ៉ា ឆេង ស្រីរ័ត្ន loverya999 ដោយបានធ្វើការបញ្ចូលសំឡេងវីដេអូ ដែលមានខ្លឹមសារថា«ក្នុងនាមខ្លួនជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្លួនបានបំពេញកិច្ចការជូនជាតិតាំងពីមិនទាន់កើតហេតុកើតរឿង និយាយទៅជូនជាតិមាតុភូមិ ទៅដល់ខាងកងទ័ពរបស់ខ្មែរយើងគ្រប់តំបន់ គ្រប់ច្រកល្ហក មិនថា ទាហានជួរមុខ ឬក៏តំបន់ខាងណាទេ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ គ្រប់តំបន់មុំបី គឺដោយសារតែ មានវត្តមានរូបខ្លួន ទើបព្រះមាតាព្រះបិតាគាត់យាងចេញទៅការពារ ហើយក៏មានការប្រយុទ្ធគ្នាផ្លូវក្នុងបានមុន រួចជាស្រេច ។

ពេលដែលប្រយុទ្ធខ្លួនដឹងគ្រប់យ៉ាង ដឹងគ្រប់ទង្វើរបស់មាតាបិតាទាំងអស់នោះ ខ្លួនឃើញទាំងអស់ ប៉ុន្តែខ្លួនមិនអាចនិយាយប្រាប់ទៅដល់ពុកម៉ែបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរ ដែលមិនដឹងមិនយល់ ហើយមានតែការប្រមាថមាក់ងាយពេញបណ្តាញសង្គមទាំងអស់ ឥឡូវពេលវេលាក៏ខិតជិតមកដល់ខ្លួនបញ្ចូលសំឡេង ហើយរៀបរាប់ប្រាប់គ្រប់សព្វបែបយ៉ាង ហើយថ្ងៃក្រោយទៀតខ្លួន និងរៀបរាប់បានច្រើនជាងនេះទៅទៀត»។
រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានប្រើប្រាស់គណនីហ្វេសបុក ផ្លូវការរបស់ខ្លួនដែលមានឈ្មោះ Love Riya ដោយបានធ្វើការផ្សាយផ្ទាល់ និងបាននិយាយថា «ខ្លួនយកមកលក់បាន ខ្លួននៅតែយកមកលក់ ហើយបងប្អូនមានសិទ្ឋទិញ ឬមិនទិញ ខ្លួនមិនចេះបុកហោប៉ៅទេ ហើយមិនបាច់ ណាគេមកនិយាយថា ឈប់ប្រើរបស់ផ្ទះលេខ២-៣-៤-៥ ខ្លួនអត់ខ្វល់ទេ» ។

លុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះខាងលើ រួចបញ្ជូនមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពេលពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ពិនិត្យឃើញថា ការបង្ហោះខាងលើនេះ បានធ្វើឱ្យមានការរើសអើង និងប៉ះពាល់ដល់ទឹកចិត្តកងទ័ព ដែលបានឈរជើងនៅជួរមុខ និងការមិនពេញចិត្តពីសំណាក់ប្រពលរដ្ឋខ្មែរដែលបានចូលរួមសាមគ្គីគ្នាក្នុងការគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ដើម្បីការពារបូរណភាពទឹក
ដ៏មាតុភូមិជូនជាតិ។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៥៩ ដកសស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចចោទប្រកាន់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ពីបទញុះញង់ឱ្យមានការរើសអើង និង ធ្វើឱ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តនៅចំណុចបុរីML ស្ថិតនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្ម ទណ្ឌលេខ ១៧៣៩ អ.ក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរខាងលើ។ បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និង ភស្តុតាងនានាក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត កណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ចែករំលែកព័តមាននេះ