ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្តកំពង់ធំ​អធិរាជ​ស្វាយចន្ទី ដើម្បី​ជួយ​កៀរគរ​អ្នក​វិនិយោគ​ឱ្យ​កាន់តែ​រីក​ចម្រើន

12 ម៉ោង មុន

រាជ​ធា​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ធំ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ…

រាជ​ធា​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ធំ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ធំ ក្នុង​គោលបំណង​ពង្រឹង ចំណងមិត្តភាព បង្កើត​កិច្ច​សហប្រតិបត្តិការ ជា​មិត្តភាព​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ទៅ​វិញ​ទៅ​មក ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក នួន ផា​រ័​ត្ន អភិបាលខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​និង​ជា​សាក្សី​ដ៏​ខ្ពង់ខ្ពស់​ពី លោក វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្តកំពង់ធំ ។

ថ្លែង​ក្នុង​ឱកាស​នេះ លោក នួន​ ​ផា​រ័​ត្ន ក្នុង​នាម​ធ្លាប់​ជា​អតីត​អភិបាលរង​រាជធានី​ភ្នំពេញ រយៈពេល​៧​ឆ្នាំ​ដែរ​នោះ បាន​ថ្លែងអំណរគុណ ចំពោះ​ការ​បណ្តុះ​បណ្តា​សមត្ថភាព​ថ្នាក់​ក្រោម​ជាតិ របស់​លោក ឃួ​ង ស្រេង រហូត​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល ជឿ​ទុកចិត្ត និង​តែងតាំង​លោក​ជា​អភិបាលខេត្ត​កំពង់ធំ ហើយ​នា​ពេល​នេះ ត្រូវ​បាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ឱ្យ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ពេល​នេះ​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ លោក នួន ផា​រ័​ត្ន បាន​បញ្ជាក់​ថា ខេត្តកំពង់ធំ ជា​ខេត្ត​មួយ​ពឹងផ្អែក​លើ​កសិកម្ម មាន​ផ្ទៃដី​ធំ​ជាង​ភ្នំពេញ​ប្រមាណ​២០​ដង មាន​ប្រជាជន​ប្រមាណ​៩០​ម៉ឺន​នាក់ ដែល​មាន​ផ្ទៃដី​សំរាប់​បង្កបង្កើន​ផល ចំនួន​៣០​ម៉ឺន​ហិ​កតា ក្នុង​នោះ​ស្វាយចន្ទី​មាន​ផ្ទៃដី​១៥​ម៉ឺន​ហិ​កតា ដី​ធ្វើ​ស្រូវ​៥​ម៉ឺន​ហិ​កតា និង​កៅស៊ូ​ចំនួន​១៥​ហិ​កតា​។ ការ​បង្កើត​ឲ្យ​មាន​ចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ឱកាស​ឱ្យ​ខេត្តកំពង់ធំ រៀនសូត្រ​បាន​កាន់តែ​ច្រើន ក្នុង​ការ​អភិវឌ្ឍ​ខេត្តកំពង់ធំ ឱ្យ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែល លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ការ​ចងសម្ព័ន្ធ​មេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​ខេត្តកំពុងធំ​នេះ វា​នឹង​ជួយ​កសាង​បរិយាកាស​អំណោយផល និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ និង​វិបុលភាព លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹក​ជញ្ជូន​សាធារណៈ ការពារ​បរិស្ថាន ផែនការ អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​វិស័យ​ផ្សេង​ៗ​ទៀត ។

បន្ថែម​លើ​នេះ លោក ឃួ​ង ស្រេង បញ្ជាក់​ទៀត​ថា ខេត្តកំពុងធំ ជា​ខេត្ត​ទី​២ ដែល​បាន​ចងសម្ព័ន្ធ​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ខេត្តព្រះវិហារ​។ ដោយសារ​ខេត្តកំពង់ធំ នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​ជា​ខេត្ត​ដែល​ពឹងផ្អែក​លើ​កសិកម្ម ជា​«​ខេត្ត​អធិរាជ​ស្វាយចន្ទី » លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ទីចាត់ការ​វិនិយោគ ជួយ​កៀរគរ​អ្នក​វិនិយោគ ឱ្យ​បាន​ច្រើន​ទៅ​វិនិយោគ​នៅ​ខេត្ត​មួយ​នេះ​។ ត្រូវ​ស្វាគមន៍​អ្នក​វិនិយោគ​ព្រម​ៗ​គ្នា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា មាន​ចំណូល​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ