ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ស្នេហ៍​​ក្នុង​​​ជំ​រំ​ភៀសសឹក​ត្រូវ​​បាន​ជួយ​​រៀប​ចំ​​សែន​​ព្រេន​ជា​ប្តី​ប្រពន្ធ​

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្តើម​ចេញពី​ការ​ជួយ​យកអាសា​គ្នា​ក្នុង​គ្រា​លំបាក ជា​វប្បធម៌​ដ៏​ប្រពៃ​ក្នុង​សង្គម​ខ្មែរ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ខ្មែរ​គ្រប់​រូប ទីបំផុត​បាន​បង្កើត​ឡើង​នូវ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជំរំ​ភៀស​សឹក ខ្លះ​ក៏​ជួប​វាសនា​ដែល​ស្មាន​មិន​ដល់ ។ ជាក់ស្តែង​ដូច​ក្មេង​ស្រី​ឈ្មោះ ណា​លី អាយុ​១៦​ឆ្នាំ…

ខេត្តសៀមរាប ៖ ផ្តើម​ចេញពី​ការ​ជួយ​យកអាសា​គ្នា​ក្នុង​គ្រា​លំបាក ជា​វប្បធម៌​ដ៏​ប្រពៃ​ក្នុង​សង្គម​ខ្មែរ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ខ្មែរ​គ្រប់​រូប ទីបំផុត​បាន​បង្កើត​ឡើង​នូវ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជំរំ​ភៀស​សឹក ខ្លះ​ក៏​ជួប​វាសនា​ដែល​ស្មាន​មិន​ដល់ ។ ជាក់ស្តែង​ដូច​ក្មេង​ស្រី​ឈ្មោះ ណា​លី អាយុ​១៦​ឆ្នាំ ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​ក៏​ត្រូវ​បាន​អ្នក​ផលិត​មាតិកា YoutoBe Mr MAC បាន​ផ្សព្វផ្សាយ​ពី​នាង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គម ដោយសារ​តែ​ក្មេង​ស្រី​រូប​នេះ នាង​រៀន​ភាសា​អង់គ្លេស​តាម​APP ក្នុង​ទូរស័ព្ទ ។

សម្រាប់​ការ​កត់សម្គាល់​ដ៏​អស្ចារ្យ​មួយទៀត​នោះ គឺ​រឿងរ៉ាវ​នៃ​ការ​ជួប​ស្នេហ៍​ក្នុង​ជំរំ​ភៀស​សឹក ហើយ​ត្រូវ​បាន​សែនព្រេន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មានការ​អបអរសាទរ​យ៉ាង​កុះករ​ផង​ដែរ ។ សង្គ្រាម​ឈ្លានពាន​ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​មកនេះ ទោះបី​វា​មាន​រយៈពេល​តែ ៥​ថ្ងៃ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​មានការ​ឈឺចាប់​មុត​ជ្រៅ​រវាង​ពូជសាសន៍​ទាំង​២ នោះ​គឺ​ក្រៅពី​បំផ្លាញ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ លំនៅ​ឋាន និង​អាយុជីវិត ក៏​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជិត​២០​ម៉ឺន​នាក់ ត្រូវ​ចាក​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គាត់ ទៅ​រក​កន្លែង​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​អាជ្ញាធរ តាំងពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ ។

ផ្សារ​រាត្រី​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ជាទី​តាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន​ទៀត ដែល​អាជ្ញាធរ បាន​រៀបចំ​ឱ្យ​ជនភៀសសឹក​ស្នាក់​អាស្រ័យ​អំឡុង​ពេល​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ ។ ផ្សារ​រាត្រី​នេះ​មាន​ជនភៀសសឹក​សរុប ៨៣០​នាក់ ដែល​ក្នុង​នោះ​មាន​ជន​ចាស់ជរា និង​ក្មេង​ៗ​ផង​ដែរ ។ ទីតាំង​នេះ បាន​បើក​ទទួល​ជនភៀសសឹក​ចូល​មក​ស្នាក់​នៅ​តាំងពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១០ ខែសីហា ២០២៥ ។ ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​ទីតាំង​នេះ ជនភៀសសឹក​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ ក៏​ដូច​ជា​សប្បុរសជន​នានា ។

នៅ​ទីតាំង​នេះ មានការ​ផ្តល់​ទឹក​ស្អាត អគ្គិសនី និង​បន្ទប់​អនាម័យ ដោយ​មិន​មាន​គិតថ្លៃ​អ្វី​ទាំងអស់ ។ បន្ថែម​ពីលើ​នោះ អាជ្ញាធរ និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ បាន​កៀរគរ​សប្បុរសជន​នាំ​យក​ស្បៀងអាហារ និង​អំណោយ​ផ្សេង​ចែក​ជូន​ជា​បន្តបន្ទាប់​ផង​ដែរ ដើម្បី​ដោះស្រាយ​ការ​លំបាក​របស់​ជនភៀសសឹក ដែល​មក​ពី​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។

ក្រៅពី​ការ​ផ្តល់​កិច្ច​គាំពារ​ក្នុង​អំឡុង​នៃ​ការ​ស្នាក់​នៅ​រយៈពេល​ប្រមាណ​កន្លះ​ខែ​ហើយ​នោះ នៅ​ថ្ងៃ​ទី​១០ ខែសីហា ២០២៥ ជា​ថ្ងៃ​ដែល​ជនភៀសសឹក​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នោះ លោកស្រី ម៉ៅ សុខ​ឃាង អភិបាលរង​ក្រុង​សៀមរាប និង​លោក​ជំទាវ ឆៃ ច័ន្ទ​រិ​ទ្ធី​សូលី​ដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ប្រចាំ​តំបន់ឆ្នេរ​ខាងលិច ទទួល​បន្ទុក​រដ្ឋ​អា​រី​ហ្សូ​ណា និង​ក្រុមការងារ ព្រមទាំង​លោក ទិន ការ​វិវឌ្ឍន៍ និង​លោក ឡុ​ង សត្យា ម្ចាស់​ផ្សារ​រាត្រី ក៏​ដូច​ជា​សប្បុរសជន​នានា បាន​រួម​គ្នា​រៀបចំ​ពិធី​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ភៀស​សឹក មានកម្ម​វិធី​ពិសា​នំ​បញ្ចុក នំប៉័ង​សម្លការី​សាច់​មាន់ និង​បាញ់ហយ​ផង​ដែរ ។

ការ​រៀបចំ​នេះ បាន​ស្តែង​ឱ្យ​ឃើញ​នូវ​មនោសញ្ចេតនា ការ​ស្រឡាញ់ ការ​ជួយ​យកអាសា​គ្នា​រវាង​គ្រួសារ​ខ្មែរ​ក្នុង​ពេល​ជួប​គ្រោះអាសន្ន ហើយ​ក៏​ជា​ការ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​ជនភៀសសឹក ក៏​ដូច​ជា​ការ​អបអរ​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រជាជាតិ​កម្ពុជា ក្រោម​កិច្ច​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ជួប​ស្នេហ៍​ក្នុង​ជំរំ​ភៀស​សឹក
សូម​បញ្ជាក់​ផង​ដែរ​ថា អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ជនភៀសសឹក​មួយគូ បាន​ប្រតិព័ទ្ធ​បង្កើត​បាន​នូវ​មនោសញ្ចេតនា​ស្នេហា​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ ។ ជនភៀសសឹក​ដែល​ជួប​ស្នេហ៍​ក្នុង​ជំរំ​នេះ ខាង​ប្រុស​មានឈ្មោះ ផេង ផា អាយុ​៤៩​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ឯខាង​ស្រី​មានឈ្មោះ ហួរ សៀង​ណា​ន អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ដោយ​ឃើញ​ចំណង​ស្នេហ៍​របស់​ជនភៀសសឹក​មួយគូ​នេះ ពេញ​ទៅ​ដោយ​ភាព​ស្មោះស្ម័គ្រ​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៥ អាជ្ញាធរ​ក៏​ដូច​ជា​គណៈកម្មការ​ផ្សារ​រាត្រី ក៏​បាន​រៀបចំ​ពិធីសែនព្រេន​ជូន​ពួក​គាត់​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ​មុន​ពេល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ផង​ដែរ ។ មិន​មាន​ព័ត៌មាន​ក្រៅពី​នេះ​ទេ​ក្នុង​ការ​ស្រាវជ្រាវ​ព័ត៌មាន​ទាក់ទិន​នឹង​គូស្នេហ៍​ទាំង​២ ដែល​បាន​ធ្វើ​ជា​កូនកំលោះ​-​ក្រមុំ ក្នុង​ពិធីសែនព្រេន ដែល​មានការ​ដឹង​ឮជា​សាធារណៈ​នា​ពេល​នេះ ។

ទោះបីជា​បែប​ណា កោះសន្តិភាព​សូម​ជូនពរ​ដល់​ពួក​គាត់​ទាំង​២ ស្រឡាញ់​គ្នា​ដល់​ចាស់ លុះ​អ​វ​សាន្ត​នៃ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ