ខេត្តបាត់ដំបង ៖ ជាងផ្សាដែកខ្វះការប្រុងប្រយ័ត្ន បង្កជាអគ្គិភ័យឆេះរថយន្តមួយគ្រឿង និងម៉ាស៊ីនច្រូតពោតមួយគ្រឿងទៀតអស់គ្មានសល់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ សីហា នៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ពេលកំពុងធ្វើការជូសជុល ។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តនិងម៉ាស៊ីនច្រូតពោតជារបស់ឈ្មោះ ដេត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្លូវប្រាំ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។ រថយន្តនិងម៉ាស៊ីនច្រូតពោតខាងលើនេះ បានយកទៅជួសជុលនៅផ្ទះរបស់ឈ្មោះ គី ផៃ ភេទប្រុស អាយុ៦៨ឆ្នាំ នៅចំណុចកើតហេតុ ហើយក៏ជួបនឹងគ្រោះអគ្គិភ័យតែម្ដង ។

នៅក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ដែរថា ជាងផ្សាដែកជាអ្នកបង្កឲ្យមានអគ្គិភ័យដ៏មហន្តរាយនេះកើតឡើងពេលកំពុងផ្សាដែក ។ របាយការណ៍ដដែលបានស្រង់សម្ដីជាងជួសជុលបានប្រាប់ថា ពេលកំពុងផ្សាដែក កំទេចភ្លើងបានខ្ទាតត្រូវចំប៊ីដុងប្រេងម៉ាសូត ដែលនៅក្បែរនោះ ទើបបង្កជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅភ្លាមមួយរំពេច ។

សមត្ថកិច្ចបាននិយាយថា អគ្គិភ័យបានឆេះម៉ាស៊ីនច្រូតពោតខូចខាតទាំងស្រុង និងឆេះរថយន្តធុនធ្ងន់សម្រាប់ដឹកចំណុះ៥តោនខូចខាតអស់ប្រហែល៥០% តែពុំមានគ្រោះថ្នាក់មនុស្សទេ ។ នេះជាការធ្វេសប្រហែសរបស់ជាងជួសជុល ដែលខ្វះការប្រុងប្រយ័ត្នពេលបំពេញការងារ ៕



ចែករំលែកព័តមាននេះ