រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ និងធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការ សុខភាពបណ្តាលជាយថាហេតុមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការ ចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានណែនាំដល់ពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាត ដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោច សម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ ព្រមទាំងកុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អា ហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាពសម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ។ ទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសច្រើនម៉ោង (ត្រូវរក្សាអាហារនៅសីតុណ្ហភាពត្រជាក់តិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវ លើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុក អាហារសេសសល់យូរដែលអាចផ្ទុម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ ក្អួតជាដើម)។
កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់មេតាណុលមិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ។ បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសដាច់ខាតមិនត្រូវលក់ ទិញ ឬពិសាស្រា ស ឬស្រាថ្នាំ មានសារធាតុមេតាណុល ដែលអាចបង្កគ្រោះថ្នាក់ ខ្លាំងរហូតដល់បាត់បង់ជីវិត។ នេះជាការគូសបញ្ជាក់របស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះក្រសួងក៏បានណែនាំឱ្យពលរដ្ឋត្រូវចៀសវាងការក្អក ឬកណ្តាស់ សាយភាយដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរ បង់ពាសវាលពាសកាលកុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយ ស្រុះវាក្នុងទឹកពុះមុននឹង បោចសម្អាតរោម។ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកមូស៕

ចែករំលែកព័តមាននេះ