រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួម បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
តាមរយៈលិខិតចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ អនុវត្តវិធានការដូចខាងក្រោម៖
១-កុំបើកបរលើសល្បឿនកំណត់។ ២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។ ៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍និងសញ្ញាបញ្ហារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។
៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។ ៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺនិងចង្កូត ជាដើម។៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិតឬឆ្ងាយ។ ៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិន ឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹម និងជឿទុកចិត្តលើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជនក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខសប្បាយ រីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះកុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ៕

ចែករំលែកព័តមាននេះ