ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្បាញភួយលក្ខណៈប្រពៃណីជនជាតិភាគតិច

10 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖​ តម្បាញ​ភួយ​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច នៅ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី គឺជា​សិល្បៈ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព និង​អត្តសញ្ញាណ​របស់​ជនជាតិ​ព្នង ។ ទោះបីជា​ការ​តម្បាញ​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់…

ខេត្តមណ្ឌលគិរី​ ៖​ តម្បាញ​ភួយ​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច នៅ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី គឺជា​សិល្បៈ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព និង​អត្តសញ្ញាណ​របស់​ជនជាតិ​ព្នង ។ ទោះបីជា​ការ​តម្បាញ​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ ​ដោយសារ​កត្តា​ជា​ច្រើន​ក៏​ដោយ ក៏​នៅ​តែ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ថែរក្សា និង​បន្ត​កេរដំណែល​នេះ ។

តម្បាញ​ភួយ​មិនមែន​ជា​ការងារ​ងាយស្រួល​នោះ​ទេ វា​ទាមទារ​នូវ​ពេលវេលា និង​កម្លាំង​ពលកម្ម​ច្រើន ដូចដែល​បាន​លើក​ឡើង ។ តម្បាញ​ភួយ​មួយ​អាច​ចំណាយពេល​ពី​២​ ទៅ​៤​ស​ប្តា​ហ៍ ហើយ​ត្រូវ​ប្រើប្រាស់​កម្លាំង​មនុស្ស​ច្រើន​នាក់​ដើម្បី​ជួយ​គ្នា ។ ភាព​លំបាក​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​មិនសូវ​ចាប់អារម្មណ៍​នឹង​ការងារ​នេះ ។ ភួយ​នីមួយ​ៗ​ផ្ទុក​នូវ​រឿងរ៉ាវ ប្រវត្តិ និង​ចំណេះដឹង​ពី​ដូនតា ។ គ្រប់​ឆ្នូត គ្រប់​ក្បាច់ និង​ពណ៌​ទាំងអស់ សុទ្ធតែ​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ សិល្បៈ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ព្នង ។

កត្តា​នាំ​មក​នូវ​តម្លៃ​វប្បធម៌ ដែល​មិន​អាច​កាត់ថ្លៃ​បាន ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកយាយ​ត្រា​ម ហើ​ល ដែល​មាន​វ័យ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ពូ​លូ​ង ខិតខំ​ត្បាញ​ទាំង​នឿយហត់ គឺ​ពិតជា​គួរ​ឱ្យ​គោរព ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោកយាយ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​បាត់បង់​ប្រពៃណី​របស់​ជនជាតិ​ព្នង ហើយ​បាន​រៀបចំ​ឧបករណ៍​តម្បាញ​ឡើង​វិញ​ដើម្បី​បង្ហាញ និង​បង្រៀន​ដល់​កូនចៅ ។ អំពើ​របស់​លោកយាយ មិន​ត្រឹមតែ​ជា​ការ​បន្ត​មរតក​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ដាស់តឿន​ដល់​អ្នក​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ថែរក្សា​នូវ​អត្តសញ្ញាណ និង​ឫសគល់​របស់​ខ្លួន ។​បើ​តាម​ការ​បញ្ជាក់​របស់​លោកយាយ​ត្រា​ម ហើ​​យថា​គាត់​អាច​លក់​ភួយ​បែប​ប្រពៃណី​ត្បា​យ​ដោយ​ដៃ​សុទ្ធសាធ​នេះ​ក្នុង​តម្លៃ​១២០០០០០​រៀល ឬ​៣០០​ដុល្លារ​អា​មេ​រិ​ក ។

ការ​តម្បាញ​ភួយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវភាព​រស់នៅ​របស់​ជនជាតិ​ព្នង ។ ភួយ​ដែល​ត្បាញ​បាន មិន​ត្រឹមតែ​ប្រើប្រាស់​សម្រាប់​គ្របដណ្ដប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ផ្នែក​នៃ​ពិធីបុណ្យ​ប្រពៃណី ពិធី​អាពាហ៍ពិពាហ៍ និង​ការ​បង្ហាញ​នូវ​ឋានៈ​សង្គម​ផង​ដែរ ។ ដូច​គ្នា​នេះ​ដែរ​ជីវភាព​ជនជាតិ​ព្នង​នៅ​សង្កាត់រ​មនា ភាគច្រើន​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ដូច​ជា ការ​ដាំ​ដុះ​ដំណាំ​ដំឡូង​មី ស្វាយចន្ទី ក៏​ដូច​ជា​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ផ្សេង​ៗ​ទៀត ។ ប៉ុន្តែ​របរ​ទាំងនោះ​បាន​ធ្វើ​ឱ្យ​តម្បាញ​ដែល​ជា​សិល្បៈ​ប្រពៃណី​ត្រូវ​បាន​បោះបង់​ចោល បន្តិច​ម្តង​ៗ ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី លោក​សុខ ទីឃា​វុ​ឌ្ឍ បាន​សម្តែង​ការ​កោតសរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ជនជាតិ​ដើម​ភាគតិច ដែល​នៅ​តែ​បន្ត​រក្សា និង​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ខ្លួន ជា​ពិសេស​គឺ​ជំនាញ​តម្បាញ​ភួយ​នេះ ។ លោក​ថ្លែង​ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​ឃើញ​បងប្អូន​យើង​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ និង​ឫសគល់​របស់​ខ្លួន ។ តម្បាញ​ភួយ​មិនមែន​ត្រឹមតែ​ជា​ការងារ​រក​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​ថែរក្សា​ដួង​ព្រលឹង ស្មារតី និង​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ព្នង ។ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​ដូនតា​» ។

លោក​សុខ ទីឃា​វុ​ឌ្ឍ បាន​ជំរុញ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូលរួម​រៀនសូត្រ និង​បន្ត​ជំនាញ​តម្បាញ​នេះ ។ ការ​រៀន​តម្បាញ គឺ​ដូច​ជា​ការ​រៀន​ស្គាល់​ខ្លួនឯង និង​ដឹង​ពី​ប្រភព​ដើម​របស់​ខ្លួន ។ ភួយ នីមួយ​ៗ ផ្ទុក​ទៅ​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​ចំណេះដឹង​ពី​ដូនតា ។ ការ​បន្ត​ជំនាញ​នេះ គឺ​ការ​បន្ត​ដង្ហើម​វប្បធម៌ ដើម្បី​កុំ​ឲ្យ​បាត់បង់​ដោយសារ​ការ​ប្រែប្រួល​នៃ​សម័យកាល ។

ផលិតផល​តម្បាញ​អាច​ក្លាយជា​ទំនិញ​ទេសចរណ៍​ដ៏​ទាក់ទាញ ។ នៅ​ពេល​ដែល​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ខេត្តមណ្ឌលគិរី ផលិតផល​សិប្បកម្ម​ទាំងនេះ​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​ដ៏​ពិសេស​របស់​ជនជាតិ​ព្នង ហើយ​ក៏​អាច​បង្កើត​ជា​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​ផង​ដែរ ។
យុវ​ជន​គួរតែ​មាន​ស្មារតី​ស្នេហា​ជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​មរតក​វប្បធម៌​ដែល​ដូនតា​បាន​បន្សល់​ទុក ។ នេះ​គឺជា​ការ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ជាតិ​សាសន៍ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​ជាតិ​ឲ្យ​បាន​គង់វង្ស ៕

oplus_8388608

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ