រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវទន្លេសាប ប្រសព្វផ្លូវលំ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនម្ចាស់ម៉ូតូ PCXបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
យោងតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង៣៩នាទីយប់ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវទន្លេសាប ប្រសព្វផ្លូវលំ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូHonda PCX ពណ៌ប្រផះ ផ្លាកលេខ ភ្នំពេញ1IO-4137 ជាមួយម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-1318 បណ្តាលឲ្យអ្នកបើកម៉ូតូ Honda C125 ស្លាប់នៅកន្លែងកើតហេតុ ។ មូលហេតុគ្រោះថ្នាក់ ៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានសន្និដ្ឋានថា អ្នកបើកម៉ូតូHonda PCX បើកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT) ។
អ្នកបើកម៉ូតូ Honda C125 បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង ប្រចាំខណ្ឌជ្រោយចង្វារ ឱ្យឃាត់អ្នកបើកម៉ូតូPCX ឈ្មោះ នាង សុភ័ក្ត្រ បញ្ញា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង០០នាទី។បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលបាលចរាចរណ៍ផ្លូវគោក បញ្ជូនសំណុំរឿង វត្ថុតាង និងអ្នកបើកម៉ូតូម៉ាកHonda PCX ឈ្មោះ នាង សុភ័ក្ត្របញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣៣នាទីដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការតាមនីតិវិធី៕




ចែករំលែកព័តមាននេះ