ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តេ​ជោ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចាប់ផ្តើម​ដំណើរការ​បម្រើសេវា​កម្ម​ហោះហើរ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ត​ភ្ជាប់​ជើងមេឃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អបអរសាទរ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តេ​ជោ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចាប់ផ្តើម​ដំណើរការ​បម្រើសេវា​កម្ម​ហោះហើរ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ត​ភ្ជាប់​ជើងមេឃ​កម្ពុជា ទៅ​កាន់​ពិភពលោក​កាន់តែ​ធំ និង​ទូលាយ​ជាង​មុន ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

ឯកឧត្តម​បាន​លើក​ឡើង​ថា វិស័យ​អាកាស​ចរ គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​មួយ ក្នុង​ចំណោម​មធ្យោបាយ​ជា​ច្រើន​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​របស់​អ្នក​ទេសចរណ៍​ធុរកិច្ច នយោបាយ និង​បេសកកម្ម​ពហុ​បំណង និង​ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​ប្រទេស ពិសេស​ឈរ​លើ​គោលនយោបាយ​យ៉ាង​ជាក់លាក់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ទំនាក់ទំនង ការទូត និង​គោលដៅ​ផ្សេង​ៗ​រាប់​មិន​អស់ ។

អាស្រ័យ​ហេតុនេះ កម្ពុជា​ក៏​បាន​ពង្រឹង និង​ពង្រីក​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​អាកាសយានដ្ឋាន​កម្រិត​អន្តរជាតិ​នេះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បម្រើ​ដល់​សេចក្តី​ត្រូវការ កំណើន​នៃ​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​សកម្ម​របស់​អ្នកដំណើរ ពិសេស​ការ​តម្រង់​គោលដៅ​មក​កាន់​កម្ពុជា ។

យន្តហោះ​របស់​ក្រុម​អាកាសចរណ៍​ជាតិ Air Cambodia ដឹក​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​បាន​ក្លាយជា​ជើងហោះហើរ​ដំបូង​បង្អស់​ដែល​បាន​ទម្លាក់​កង់​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ខណៈ​ដែល​អាកាសយានដ្ឋាន​ថ្មី​សន្លាង​មួយ​នេះ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥ បន្ទាប់​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​អាយុកាល​៦៦​ឆ្នាំ ត្រូវ​បិទ​លែង​ដំណើរការ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១២ រំលង​អធ្រាត្រ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​រាល់​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​ផ្ទេរ​ទាំងស្រុង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ដែល​ទើប​សាងសង់​ថ្មី​សន្លាង ។

ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នេះ ត្រូវ​បាន​ប្រកាស​ឡើង​កាលពី​ខែមករា ឆ្នាំ​២០១៨ ដែល​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ គឺជា​សក្ខីកម្ម​នៃ​ភាព​រីក​ចម្រើន​របស់​កម្ពុជា​ដែល​ត្រូវ​ធ្វើការ​ពង្រីក​នូវ​អាកាសយានដ្ឋាន​ជា​ចាំបាច់ ដើម្បី​ទទួល​ជើងហោះហើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដោយ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នេះ ជា​ប្រភេទ​អាកាសយានដ្ឋាន 4F ដែល​មាន​សមត្ថភាព​ទទួល​យន្ត ហោះ​ធុន​ធំ​ចុះ​ចត​បាន ។

ជាមួយ​គ្នា​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ មាន​សមត្ថភាព​ក្នុង​ការ​ទទួល អ្នកដំណើរ​ប្រមាណ​១៣​លាន​នាក់​ក្នុង​១​ឆ្នាំ​សម្រាប់​ដំណាក់កាល​ទី​១ ហើយ​អាច​ទទួល​អ្នកដំណើរ​រហូត​ដល់ ៣០​លាន​នាក់ ក្នុង​១​ឆ្នាំ នៅ​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ នៃ​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​អាច​ទទួល​អ្នកដំណើរ​បាន​៥០​លាន​នាក់​ក្នុង​១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០៥០​តទៅ​។

សូម​ជម្រាប​ជូន​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាល ស្ទឹង ខេត្តកណ្តាល និង​មួយ​ផ្នែក​ស្ថិត​ក្នុងស្រុក​បាទី ខេត្តតាកែវ មាន​ផ្ទៃដី​ជាង​២៦០០​ហិ​កតា ដែល​គ្រោង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ សម្រាប់​ដំណាក់កាល​ទី​១ ដើម្បី​ទទួល​អ្នកដំណើរ​ផ្លូវអាកាស​ចេញ​-​ចូល​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ