ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មជាបណ្ដើរៗតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់លោកត្រាំត្រង់ចំណុចដែលថារុស្ស៊ី និងអ៊ុយក្រែនប្រហែលជាត្រូវដូរដីគ្នាខ្លះៗដើម្បីពន្លឿនការចរចា។ សារនយោបាយរបស់លោកត្រាំក៏មានលក្ខណៈមុតស្រួចមិនធម្មតាប៉ុន្មានទេ។ ត្រាំឆ្លៀតបោះពាក្យបោះសម្ដីថាការជួបគ្នានៅអាឡាស់ស្កាលើកនេះអាចនឹងមានដំណោះស្រាយ។ ប៉ុន្តែបើគ្មានដំណោះស្រាយទេគឺមានតែធ្វើសង្គ្រាមជាបន្តទៀត។
ប្រភពខ្លះបង្ហើបឱ្យដឹងថាគម្រោងជួបគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះនឹងផ្ដោតសំខាន់ទៅលើបញ្ហាបូរណភាពទឹកដី។ សព្វថ្ងៃនេះ កងទ័ពរុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែល២០%នៅភាគខាងកើត។ ចំណែកអ៊ុយក្រែនកាលពីឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥បានវាយឆ្មក់ចូលតំបន់ខឺស (Kursk) និងកាន់កាប់បានរាប់ពាន់គីឡូម៉ែត្រការ៉េដែរ។ ប៉ុន្តែឥឡូវនេះទឹកដីទាំងនោះរបូតពីដៃទៅវិញអស់ហើយបន្ទាប់ពីរុស្ស៊ីហៅទាហានកូរ៉េខាងជើងទៅជួយច្បាំង និងបណ្ដេញអ៊ុយក្រែនទាំងស្រុង។
អ្នកសារព័ត៌មានបានទាក់ទងទៅមន្ត្រីរដ្ឋាភិបាលរុស្ស៊ីដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហាដូរទឹកដីគ្នាតាមទស្សនៈរបស់លោកត្រាំ។ ចំពោះសំណួរថាតើសេណារីយោដូរដីគ្នាអាចនឹងកើតមានដែរឬទេ? អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកអាឡិចស៊ី ហ្វាឌីវ (Alexei Fadeev) ថ្លែងថាគ្មានការចាំបាច់ដើម្បីបង្កើតសេណារីយោស្ដីពីទឹកដីនោះទេ។
លោកថ្លែងថាការកកើតទឹកដីរបស់សហព័ន្ធរុស្ស៊ីត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់ហើយនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង។ ដូច្នេះ អ្វីៗបានបញ្ជាក់នៅក្នុងនោះអស់ហើយ។ អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាគោលដៅនៃការដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចជំនួបកំពូលនៅអាឡាស់ស្កានោះគឺដើម្បីផលប្រយោជន៍ជាតិសុទ្ធសាធ។ លោកចង់មានន័យថាបើចរចាគ្នាដើម្បីបាត់បង់ទឹកដីដដែលនឹងមានឈ្មោះថាជាអ្នកធ្វើឱ្យខាតផលប្រយោជន៍ជាតិទៅវិញទេ។
ស្រដៀងគ្នានេះដែរ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គីបាននិយាយតាំងពីមុននេះថាលោកមិនអាចកាត់ទឹកដីទោះក្រោមរូបភាពណាក្ដីទៅឱ្យប្រទេសដទៃទៀតឡើយ។ លោកថាទីមួយប្រជាជនមិនគាំទ្រ ហើយទីពីរខុសច្បាប់ថែមទៀត។ ធ្វើបែបនេះគឺផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ។ ហ្សេឡិនស្គីថាសូម្បីតែតំបន់គ្រីម៉េក៏លោកមិនអាចបណ្ដោយឱ្យបាត់បង់នោះដែរ។
សូមរំលឹកថាកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកត្រាំត្រូវអ្នកសារព័ត៌មានសួរថាតើរុស្ស៊ី និងអ៊ុយក្រែនអាចនឹងឈានដល់ការដូរដីគ្នាដែរឬទេដើម្បីជាថ្នូរនឹងសន្តិភាព? លោកត្រាំឆ្លើយតបថាអ្នកកំពុងនិយាយពីទឹកដីដែលកំពុងច្បាំងដណ្ដើមគ្នារយៈពេលបីឆ្នាំកន្លះកន្លងទៅនេះ។ អ្នកដឹងទេ? រុស្ស៊ីស្លាប់ច្រើន អ៊ុយក្រែនក៏ស្លាប់ច្រើន។ ហេតុនេះ យើងក៏កំពុងពិនិត្យទៅលើបញ្ហានេះ (ការដូរដីគ្នា)។
ប៉ុន្តែលោកចង់សង្កត់ធ្ងន់ថាមិនមែនអ៊ុយក្រែនត្រូវតែប្រគល់ទឹកដីឱ្យរុស្ស៊ីទាំងអស់ទេ។ លោកនឹងខិតខំទាមទារមកវិញខ្លះ។ ត្រាំទទួលស្គាល់ថាបញ្ហានេះមានលក្ខណៈស្មុគស្មាញ មិនងាយស្រួលដោះស្រាយនោះឡើយ។ ប៉ុន្តែលោកសន្យាថានឹងទាមទារមកវិញខ្លះ។ លោកថាដើម្បីឱ្យមានយុត្តិធម៌ទាំងសងខាងត្រូវតែមានការដោះដូរគ្នា។
គេសង្កេតឃើញថាមុនពេលមានកិច្ចជំនួបកំពូលនៅអាឡាស់ស្កា កងទ័ពរុស្ស៊ីសម្រុកវាយប្រហារកាន់តែខ្លាំងដើម្បីព្យាយាមកាន់កាប់ទឹកដីអ៊ុយក្រែនឱ្យបានច្រើនថែមទៀត និងដើម្បីបង្ហាញថារុស្ស៊ីមានប្រៀបនៅលើសមរភូមិយោធា។ ដូច្នេះ លោកពូទីនអាចនឹងមិនងាយដកថយទេនៅក្នុងការចរចាគ្នាលើកនេះ។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងជំរុញឱ្យលោកត្រាំពង្រឹងជំហរឱ្យបានខ្លាំង កុំទោរទន់ទៅតាមការទាមទាររបស់លោកពូទីន។ ជាពិសេស កុំកាត់ទឹកដីរបស់អ៊ុយក្រែនទាំងដុំៗទៅឱ្យរុស្ស៊ីស្រេចតែនឹងចិត្ត និងជាអត្តនោម័តដោយគ្មានការយល់ព្រមពីអ៊ុយក្រែនដែលជាម្ចាស់ប្រទេស។ អឺរ៉ុបយល់ថាអ៊ុយក្រែនត្រូវតែមានចំណែកនៅក្នុងការចរចាគ្នា។ អ៊ុយក្រែនត្រូវតែមានសិទ្ធិក្នុងការសម្រេចទៅលើជោគវាសនា-អនាគតរបស់ខ្លួន។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ