រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់សាធារណជនថា គម្រោងផ្លូវថ្មើរជើងចតុមុខ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១១យប់ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥មកម្ល៉េះ ដោយទទួលបានការអបអរសាទរ និងទទួលស្គាល់ថា ជាគោលដៅកម្សាន្តពេលរាត្រីថ្មីសម្រាប់រាជធានីភ្នំពេញ ។
ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច-សង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដូចតទៅ ៖
១-ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង ។
២-ត្រូវបិទសញ្ញាហាមជក់បារីនៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង ។
៣-ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់
ទម្រង់។
៤-ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃបរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិក(E-Cigarettes) ឬវេប(VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម ។
៥-គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ។
៦-សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តសេចក្តីណែនាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
ចែករំលែកព័តមាននេះ