រុស្សុី-កូរ៉េខាងជើង ៖ ប្រធានាធិបតីរុស្សុីលោកវ្ល៉ាឌីមៀរពូទីននិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសលោកទាំង២ ពេលជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី១៣សីហា។

ដោយសម្ដែងពីការអបអរសាទរចំពោះភាពជាដៃគូយុទ្ធសាស្ត្រក្នុងគ្រប់វិស័យចុះហត្ថលេខាកាលពីឆ្នាំ២០២៤ ដែលមានជាពិសេសសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក មេដឹកនាំទាំង២អះអាង ពីឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA។ ការជួបពិភាក្សាគ្នាតាមទូរស័ព្ទនោះកើតមានកាលពីថ្ងៃទី១២សីហា មុន ការជួបគ្នាកំពូលរវាងលោកពូទីននិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគ្រោងធ្វើនាថ្ងៃទី១៥សីហានៅអាឡាស្កា សំដៅស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
តាមវិមានក្រឹមឡាំងថា ក្នុងការជួបគ្នាតាមទូរស័ព្ទនេះលោកពូទីនបានជូនដំណឹងដល់លោកគីមជុងអ៊ុន ទាក់ទិននឹងការជួបគ្នារបស់លោកជាមួយលោកត្រាំនាពេលខាងមុខ។ ទំនាក់ទំនងរវាងក្រុងមូស្គូនិងក្រុងព្យុងយ៉ាង ត្រូវបានពង្រីកយ៉ាងខ្លាំង ចាប់តាំងពីរុស្សុីលុកលុយចូលអ៊ុយក្រែនពីខែកុម្ភៈឆ្នាំ២០២២មក។ កូរ៉េខាងជើងចូលរួមយ៉ាងសកម្មក្នុងជម្លោះ ដោយផ្ដល់ទាហានច្រើនពាន់នាក់ជួយសម្ព័ន្ធមិត្តបន្ថែមលើជំនួយគ្រឿងសព្វាវុធនិងគ្រាប់រំសេវ។
KCNAបន្តថា ប្រធានាធិបតីរុស្សុីជាថ្មីម្ដងទៀតបានសរសើរយ៉ាងខ្លាំងចំពោះការជួយទ្រទ្រង់របស់កូរ៉េខាងជើង ព្រមទាំងវីរភាពនិងស្មារតីលះបង់ របស់កងទាហានកូរ៉េខាងជើង ក្នុងការជួយវាយរំដោះតំបន់គួរស្ក៍រុស្សុី ដែលកាន់កាប់មួយផ្នែកដោយអ៊ុយក្រែន។ កាលពីពាក់កណ្ដាលខែកក្កដា លោកគីមជុងអ៊ុនអះអាងចំពោះក្រុងមូស្គូពីការជួយដោយគ្មានលក្ខខណ្ឌដល់រុស្សុី ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដែលការសន្យានោះធ្វើឡើងនាឱកាសនៃទស្សនកិច្ចរបស់រដ្ឋមន្ត្រីការទេសរុស្សុី លោកស័រហ្គេយឡាវរ៉ូវនៅក្រុងព្យុងយ៉ាង។
ម្យ៉ាងវិញទៀតប្រទេសទាំង២បានបង្កើតជើងហោះហើរដោយត្រង់របស់យន្តហោះ រវាងក្រុងព្យុងយ៉ាងនិងក្រុងមូស្គូកាលពីដំណាច់ខែកក្កដា ដែលជាលើកដំបូងពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សមកហើយ និងបង្ហាញពីការបោះជំហានទៅមុខមួយបន្ថែមទៀតក្នុងទំនាក់ទំនងរវាងប្រទេសទាំង២៕
ចែករំលែកព័តមាននេះ